ឯកឧត្តម ថោ ជេដ្ឋា បានដឹកនាំមន្ត្រីបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានចុះពិនិត្យ និងចូលរួមចលនាសកម្មភាពជីកប្រឡាយជើងក្អែបនាំទឹកចូលស្រែរបស់បងប្អូនកសិករ


នៅព្រឹកថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ និងជាប្រធានមុខព្រួញទទួលបន្ទុកខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានចុះពិនិត្យ និងចូលរួមចលនាសកម្មភាពជីកប្រឡាយជើងក្អែបនាំទឹកចូលស្រែរបស់បងប្អូនកសិករ ជាគម្រោងសាច់ប្រាក់ពលកម្មជីកប្រឡាយជើងក្អែបនៅប្រព័ន្ធធារាសាស្រ្ត រោងគោ មានទីតាំងនៅភូមិពើក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំមានប្រជាពលរដ្ឋចូលរួមធ្វើពលកម្មនៅថ្ងៃនេះចំនួន៥៦នាក់ ក្នុងនោះស្រីចំនួន២៣នាក់ ដើម្បីនាំទឹកចូលស្រែរបស់បងប្អូនកសិករ និង ដោះស្រាយការងារធ្វើសម្រាប់បងប្អូនប្រជាពលរដ្ឋ នៅក្នុងពេលប្រទេសយើងកំពុងជួបបញ្ហាជំងឺឆ្លងCovid-19 ។ សូមបញ្ជាក់ជូនថា ផែនការជំហានទី១នៃគម្រោងសាច់ប្រាក់ពលកម្មមានចំនួន៤៧អនុគម្រោង ដែលអាចស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួនចំនួន ៩៩០ហិកតា និង ស្រូវប្រាំងចំនួន ៣២៥ហិកតា។ មកដល់ពេលនេះ ការអនុវត្តជីកប្រឡាយជើងក្អែបសរុបបានចំនួន ១០អនុគម្រោង មានប្រវែង ៧ ៥០៤ម៉ែត្រ គិតជាភាគរយនៅប្រព័ន្ធធារាសាស្ត្រ រោងគោមានទីតាំងនៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ​ អនុវត្តបានចំនួន ១០០% និងនៅប្រព័ន្ធធារាសាស្ត្រ ជាំតាហឹុងមានទីតាំងនៅឃុំទឹកជ្រៅ ស្រុកតំបែរ អនុវត្តបានចំនួន៥% រង់ចាំប្រមូលផលស្រូវវស្សារួចទើបអនុវត្តបន្ត មានប្រជាពលរដ្ឋចូលរួមធ្វើពលកម្មសរុបចំនួន ៨៥៦នាក់ ក្នុងនោះស្រីចំនួន ៣៩៥នាក់ ៕