ព្រះមហាក្សត្រកម្ពុជា ផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខរដ្ឋាភិបាលលីបង់ ចំពោះសោកនាដកម្ម នៃហេតុការណ៍ផ្ទុះឃ្លាំងស្តុកសារធាតុគីមី


ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានព្រះរាជសារជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ MICHEL AOUN ប្រធានាធិបតី នៃសាធារណរដ្ឋលីបង់ ដើម្បីចូលរួមមរណ ទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយចំពោះសោក នាដកម្មដ៏រន្ធត់ ក្នុងឧបទ្ទវហេតុនៃការផ្ទុះឆេះ ដ៏ខ្លាំងក្លាចេញពីឃ្លាំងស្ដុក អាម៉ូញ៉ូមនីត្រាត នៅកំពង់ផែមួយ ក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។

ព្រះរាជសាររបស់ព្រះមហាក្សត្រ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ គឺប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការកើតមាននូវហេតុការណ៍ផ្ទុះនេះ។ មនុស្សយ៉ាងហោច១០០នាក់បានស្លាប់និងជិត៤ពាន់នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកសារធាតុគីមីនោះ យ៉ាងណា អាជ្ញាធរថា តួលេខជនរងគ្រោះបាត់បង់ជីវិតអាចនឹងកើនឡើង។

តាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Reuters បុគ្គលិកសង្គ្រោះកំពុងបន្តជីកគាស់គំនរបាក់បែកអគារដែលរងការខូចខាតដោយឥទ្ធិពលនៃកម្លាំងផ្ទុះដែលធ្វើឱ្យកក្រើករដ្ឋធានីនៃប្រទេសអាស៊ីកណ្តាលមួយនេះ ដើម្បីស្វែងរកជនរងគ្រោះដែលនៅរស់រានមានជីវិត។

ប្រភពដដែលឱ្យដឹងបន្ថែមថា គិតត្រឹមថ្ងៃពុធ ទី០៥ ខែសីហា ជនរងគ្រោះដែលបាត់បង់ជីវិតបានកើនឡើងដល់ប្រមាណ១០០នាក់ ហើយតួលេខនេះអាចនឹងកើនឡើងខ្ពស់ថែមទៀត ខណៈដំណើរការរុករកអ្នករួចរស់មានជីវិតកំពុងបន្តចាប់តាំងពីយប់ថ្ងៃម្សិលមិញ។

តាមអាជ្ញាធរតំបន់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី០៤ ខែសីហា (ម៉ោងក្នុងតំបន់) នៅឃ្លាំងស្តុកសារធាតុគីមីមួយកន្លែងក្នុងកំពង់ផែទីក្រុងបេរូត ប្រទេសលីបង់ ហើយថា ក្រោយការផ្ទុះ ផ្សែងភ្លើងបានបន្តឆាបឆេះរហូតដល់ព្រឹកថ្ងៃពុធ។

រដ្ឋមន្រ្តីសុខាភិបាលលីបង់ លោក ហាម៉ាដ ដាសាន់ (Hamad Hasan) ប្រាប់ភ្នាក់ងារព័ត៌មាន Reuters ថា មនុស្សជាច្រើនកំពុងបាត់ខ្លួន ខណៈការរុករកនៅពេលយប់ជួបការលំបាកដោយខ្វះភ្លើងអគិ្គសនី ហើយគ្រួសារជាច្រើនកំពុងសាកសួរដំណឹងរបស់សាច់ញាតិនិងមនុស្សជាទីស្រឡាញ់ពីនាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្ន។

តាមប្រភពដដែល គិតត្រឹមថ្ងៃពុធ ទី៥ ខែសីហា សមត្ថកិច្ចមិនទាន់បញ្ជាក់មូលហេតុនៃការផ្ទុះនៅឡើយ ប៉ុន្តែបើតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឱ្យដឹងថា មូលហេតុនៃការផ្ទុះអាចបណ្តាលមកពីជាងផ្សារដែកភ្ជិតប្រហោងជញ្ជាំងក្នុងឃ្លាំងដោយខ្វះការប្រុងប្រយ័ត្ន។

ប្រធានាធិបតីប្រទេសលីបង់ លោក មីឆែល អួន (Michel Aoun) ថ្លែងថា ហេតុការណ៍នោះកើតឡើងនៅឃ្លាំងស្តុកម្សៅអាម៉ូញ៉ូមនីត្រាត ទម្ងន់២ ៧៥០តោន ដែលម្សៅប្រភេទនេះមានសារធាតុផ្ទុះកម្រិតខ្ពស់និងត្រូវបានប្រើសម្រាប់ផ្សំរំសេវនិងធ្វើជីកសិកម្ម។

លោក មីឆែល បន្ថែមថា ម្សៅនេះបានស្តុកទុកក្នុងឃ្លាំងនោះរយៈពេល៦ឆ្នាំមកហើយដោយគ្មានវិធានការសុវត្ថិភាព ដោយលោកថា ការធ្វេសប្រហែសបែបនេះគឺជារឿងមិនអាចទទួលយកបាននោះទេ។

តាមរយៈរូបភាពវីដេអូដែលបានចែកចាយលើបណ្តាញសង្គមដោយអ្នករស់នៅក្បែរតំបន់កើតហេតុ បានបង្ហាញឱ្យឃើញពីទិដ្ឋភាពផ្សែងហុយទ្រលោមលើអាកាសចេញពីបរិវេណកំពង់ផែ។

តាមវីដេអូនោះ មួយសន្ទុះក្រោយមក កម្លាំងផ្ទុះដ៏កក្រើកបានលាន់ឡើង បង្កជាផ្សែងពណ៌សលាយឡំពំនូកភ្លើងផុសទៅលើអាកាស ហើយអ្នកដែលកំពុងថតហេតុការណ៍ពីលើអាគារខ្ពស់ចម្ងាយ២គីឡូម៉ែត្រពីកំពង់ផែ បានខ្ទាតថយក្រោយដោយសារកម្លាំងផ្ទុះ។

ហេតុការណ៍នេះ កើតឡើង៣ថ្ងៃមុនថ្ងៃតុលាការគាំទ្រដោយអង្គការសហប្រជាជាតិគ្រោងប្រកាសសាលក្រមកាត់ទោសជនសង្ស័យ៤នាក់ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកនៅឆ្នាំ២០០៥ ដែលបានផ្តាច់ជីវិតអតីតនាយករដ្ឋមន្រ្តីលីបង់ លោក រ៉ាហ្វាក អាល់-ហារីរី (Rafik al-Hariri) និងមនុស្ស២១នាក់ផ្សេងទៀត៕