អភិបាលខេត្តកណ្ដាល បើកកិច្ចប្រជុំដោះស្រាយវិវាទរវាងកម្មករ និងរោងចក្រចំនួន២ នៅក្រុងតាខ្មៅ


ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល ព្រមទាំង ឯកឧត្តម ទេស រុក្ខាផល អគ្គលេខា ធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប (គណៈកម្មាការសម្រាប់ដោះស្រាយបញ្ហាបាតុកម្ម កូដកម្ម នៅតាមគ្រប់មុខសញ្ញា) មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ កង់កម្លាំងទាំងបី អភិបាលរងក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រជុំពិភាក្សា រួមគ្នារកដោះស្រាយក្នុង ករណីវិវាទការងារ រវាងកម្មករ កម្មការរិនី និង ក្រុមហ៊ុន ឌីកនើធី នីតធើរ លីមីតធីត និង អេខូបេស ហ្វេកធើរី សំដៅឈានទៅរកការបញ្ចប់វិវាទបានឆាប់រហ័ស ប្រកបដោយភាពជោគជ័យ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ និងត្រូវសហ ការឲ្យបានស្អិតរមួតជាមួយនឹងគណៈកម្មាធិការជំនាញ ដើម្បីដោះស្រាយបញ្ហានេះដល់កម្មករឲ្យបានល្អ និងទាន់ពេល ត្រូវដោះស្រាយពីរឿងធំឱ្យទៅជារឿងតូច ចំពោះរឿងតូចត្រូវបញ្ចប់ប្រកបដោយសន្តិវិធីដោយឈរលើ គោលការណ៍ច្បាប់ និងរដ្ឋបាល ដើម្បីផលប្រយោជន៍របស់យើងទាំងអស់គ្នា។
គួរំលឹកដែរថា ក្រុមហ៊ុន ឌីកនើធី នីតធើរ លីមីតធីត និង អេខូបេស ហ្វេកធើរី ដែលមានទីតាំងស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ កម្មការិនីបម្រើការងារប្រមាណជាង ១០០០នាក់ បានជួបបញ្ហាក្ស័យ ធន ហើយថៅកែក្រុមហ៊ុនមិនមានការទទួលខុសត្រូវ បិទទ្វាររត់ចោលកម្មករ កម្មការិនី តាំងពីចុងឆ្នាំ២០១៩ មកម្លេះ ដោយ ក្រុមហ៊ុន មិនបានបើកប្រាក់ឈ្នួល ប្រាក់អតីតភាពការងារ ជូនដល់កម្មករ កម្មការិនី សម្រាប់ករណីនេះ គណៈកម្មាការចម្រុះកំពុងយកចិត្តទុកដាក់ពន្លឿនចុះដោះស្រាយជូនដល់កម្មករ កម្មការិនីជាបន្ទាន់ផងដែរ។