ឯកឧត្ដម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំកម្មវិធីវិនិយោគព្រៃឈើ


នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែមីនា​ ឆ្នាំ​២០១៧​ ឯកឧត្ដម​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ពិគ្រោះយោបល់​ស្តីពី​ការ​រៀប​ចំ​កម្មវិធី​វិនិយោគ​ព្រៃឈើ​ សហការ​រៀបចំ​ដោយ​ក្រសួង​បរិស្ថាន​​ក្រសួង​កសិកម្ម​ រុក្ខប្រមាញ់​ និង​នេសាទ​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​។ គោល​បំណង​សំខាន់​នៃ​សិក្ខាសាលា​​នេះ​ គឺ​ដើម្បី​ប្រមូល​ផ្ដុំ​ធាតុ​ចូល​ពី​អ្នក​ពាក់ព័ន្ធ​សម្រាប់​បំពេញ​បន្ថែម​លើ​សេចក្ដី​ព្រាង​សំណើ​រៀបចំ​កម្មវិធី​វិនិយោគ​ព្រៃឈើ​ និង​ធ្វើ​ឱ្យ​កម្មវិធី​នេះ​មាន​លក្ខណៈ​ពេញលេញ​ និង​គ្រប​ដណ្ដប់​លើ​គ្រប់​សកម្មភាព​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​ ប្រព័ន្ធ​អេកូឡូស៊ី​ និង​ការ​អភិវឌ្ឍ​សហគមន៍​ ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​ចំពោះ​មុខ​ និង​អាច​អនុវត្ត​បាន​ក្នុង​បរិបទ​សង្គម​កម្ពុជា​​។ ឯកឧត្ដម​រដ្ឋមន្ត្រីបានអំពាវនាវឱ្យគ្រប់អ្នកពាក់ព័ន្ធបន្តចូលរួម​គាំទ្រ​​កម្មវិធី​វិនិយោគ​ព្រៃឈើ​នេះ​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ការ​ពារ​និង​អភិរក្ស​ជីវៈចម្រុះ​តាម​រយៈ​ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ ការ​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​តាម​រយៈ​ការ​បង្កើត​ផលិតកម្ម​ឈើ​ខ្នាត​តូច​ និង​បង្កើន​ជម្រើស​មុខ​របរ​ និង​ការ​ចូលរួម​ពីវិស័យ​ឯកជន​និង​អ្នក​ពាក់ព័ន្ធ​ ក្នុង​ការ​ស្តារ​ព្រៃឈើ​និង​ផលិតកម្ម​ឈើ​ តាម​រយៈ​ការ​ដាំ​និង​ផ្គត់ផ្គង់​ឈើ​ និង​ឈើ​ថាមពល​ក្នុង​ស្រុក​​។ ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏បានរំលេចឱ្យឃើញនូវសមិទ្ធផលធំៗ​ ដែលរាជ​រដ្ឋាភិបាល​សម្រេចបា​នក្នុងការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យបរិស្ថាន​ ធនធាន​ធម្មជាតិ​ និង​​ព្រៃឈើ​ផងដែរ​ ដែល​រួមមាន​ ១-​ការ​បែង​ចែក​ឱ្យ​ដាច់​ពី​គ្នានូវ​តួនាទី​ ភារកិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ​​រវាង​ស្ថាប័ន​អភិរក្ស​និង​ស្ថាប័ន​អភិវឌ្ឍន៍​ ២-ការ​ពង្រីក​វិសាលភាព​ផ្ទៃដី​អភិរក្ស​ តាម​រយៈ​ការ​បង្កើត​តំបន់​ការពារ​ធម្មជាតិ​ថ្មី​ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ និង​៣-ការ​​ផ្ទេរ​សមត្ថកិច្ច​និង​រចនាសម្ព័ន្ធ​គ្រប់​គ្រង​កម្មវិធី​រេដបូក​ពី​ក្រសួង​កសិកម្ម​ រុក្ខប្រមាញ់​ និង​នេសាទ​ មកឱ្យ​ក្រសួង​បរិស្ថាន​។ ជាងនេះ​ទៅ​ទៀត​ ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឱ្យគ្រប់ក្រសួង​ ស្ថាប័ន​ និង​អ្នក​ពាក់ព័ន្ធ​​ ​បន្ត​ចូលរួម​កែប្រែ​ទាំង​ផ្នត់​គំនិត​ និង​ឥរិយាបថ​ ក៏ដូចជា​ មុខ​ងារ​របស់​ស្ថាប័ន​មាន​សមត្ថភាព​ ឱ្យ​ស្រប​តាម​ការ​វិវត្តន៍​របស់​សេដ្ឋកិច្ច​សង្គម​។