សន្ធឹកស្គរជ័យនឹងផ្ទុះឡើង ដើម្បីអបអរពិធីរាប់ថយក្រោយ ១០០០ថ្ងៃឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ល្ងាចនេះ


(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា គឺនៅសល់រយៈពេល ១០០០ថ្ងៃទៀតប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

ដូច្នេះនាម៉ោង ៥ល្ងាចថ្ងៃសុក្រនេះ CAMSOC នឹងរៀបចំកម្មវិធីដ៏ធំមួយ នៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺពិធីរាប់ថយក្រោយ ១០០០ថ្ងៃឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ក្រោមអធិបតីតភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដោយក៏នឹងមានសន្ធឹកស្គរជ័យ និងកម្មវិធីជាច្រើនទៀត ដើម្បីអបអរថ្ងៃពិសេស ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះដែរ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយដល់បណ្ដាប្រទេសលើពិភពលោក បានដឹងពីការត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើម្ចាស់ផ្ទះស៊ីហ្គេម ហើយក៏ក្រើនរំឮកដល់ប្រជាពលរដ្ឋគ្រប់ច្រកល្ហក់ចូលរួមរាប់ថយក្រោយ និងត្រៀមស្វាគមន៍ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ដែលរាជរដ្ឋាភិបាលបានសម្រេច នឹងរៀបចំពិធីបើកនៅថ្ងៃទី០៥ ខែឧសភា និងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

ប៉ុន្ដែអមជាមួយកម្មវិធីរាប់ថយក្រោយនេះដែរ CAMSOC ក៏មានកម្មវិធីពិសេសមួយទៀត គឺការប្រកាសរង្វាន់ជយលាភី សម្រាប់បេក្ខជន និងបេក្ខនារីឆ្នើម ចំពោះស្លាកសញ្ញា(Logo) និងរូបសត្វតំណាង(Mascot) ដែលត្រូវបានជ្រើសរើសប្រើប្រាស់ផ្លូវការ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជាដែលអមដោយរង្វាន់លើកទឹកចិត្តដ៏ច្រើនទៀតផង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះលើកដំបូង គ្រោងនឹងបើកការប្រកួតនៅថ្ងៃទី០៥ ខែសីហា និងបញ្ចប់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ បន្ទាប់ពីចប់ការប្រកួតស៊ីហ្គេមជាង ១០ថ្ងៃ ព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់ដែលហៅថា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ផ្ដើមការប្រកួតបន្ដ ដោយរាជរដ្ឋាភិបាលសម្រេចរៀបចំចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕