ឯកឧត្តម ចាន់ ស៊ីណាត បានធ្វើការចុះរៀបចំការដ្ឋានធ្វើទំនើកម្មលើ អនុគម្រោងប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង


នៅថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM និងក្រុមការងារ របស់ក្រសួងជាច្រើនរូប និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានធ្វើការចុះរៀបចំការដ្ឋានធ្វើទំនើកម្មលើ អនុគម្រោងប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ។
ឯកឧត្តមអនុរដ្ឋលេខាធិការ កំពុងតែជម្រុញដោយសកម្មយ៉ាងមម៉ាញឹកលើការអនុវត្តនីតិវិធី និងអនុវត្តក្រឹត្យច្បាប់ជាធរមានក្នុងការរៀបចំសណ្តាប់ធ្នាប់ និងលុបបំបាត់បទល្មើសរំលោភយកដីចំណីប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ ដើម្បីរៀបចំពិធីបើកការដ្ឋានខាងលើនេះនាពេលខាងមុខ ជូនឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ Sunniya Durrani Jamal នាយកស្ថានតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសហការយ៉ាងជិតស្និត នឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF និងADB នឹងអនុវត្តការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយដូចតទៅ ៖
១- ប្រព័ន្ធប្រឡាយអូរដូនពៅទាំងអស់
២- ប្រព័ន្ធប្រឡាយមេចំនួន ៣ ខ្សែ
៣- ប្រព័ន្ធប្រឡាយរងទី២ ចំនួន ៨ ខ្សែ
៤- ប្រព័ន្ធប្រឡាយដោះទឹក ចំនួន ១ ខ្សែ
៥- ពង្រីក និងពង្រឹងតួទំនប់អាងកំពីងពួយដោយរៀបថ្មការពារ និងចាក់បេតុងការពាររលក ដើម្បីស្តុកទឹកឲ្យបានច្រើនជាអតិបរិមា និងធ្វើការការពារក្រុងបាត់ដំបង និងផ្លូវជាតិលេខ ៥ ក្នុងពេលដែលធាទឹកឡើងចាប់ពី ៣០០ ដល់ ៥០០ មែត្រត្រីគុណ ក្នុង១វិនាទី
៦- ធ្វើការសាងសង់នូវសំណង់សិល្បកាគ្រប់ប្រភេទទាំងអស់ជាច្រើនរយកន្លែងបន្ថែមទៀត
ដៃម្ខាងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានសហការយ៉ាងរលូននឹងក្រសួង MEF និង EIB (Europen Investment Bank) ធ្វើការជួសជុលស្តារឡើងវិញក្នុងនិយាមធ្វើទំនើបកម្មលើប្រព័ន្ធព្រែកអូរតាគីក្នុងប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយខាងលើឆ្លងទៅផ្លូវជាតិលេខ៥ ចូលដល់តំបន់៣ ក្នុងខេត្តបាត់ដំបង។
ការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយគឺក្នុងបំណងអនុវត្តឲ្យខាងតែបានលើទស្សន:វិស័យ ចក្ខុវិស័យ និងបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ របស់ក្រសួងក្នុងវិស័យទឹក ក្នុងរយ:ពេលយូរអង្វែងឲ្យប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយនេះមានចារឹកលក្ខណ:ទប់ទល់ដ៏រឹងមាំនឹងបម្រែបម្រួលអាកាសធាតុ ទប់ទល់បានរឹងមាំនឹងបាតុភូតធម្មជាតិនានា ធានាបានលើសុវត្ថិភាពទឹកសម្រាប់បម្រីឲ្យគ្រប់វិស័យទាំងអស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព ៕