អភិបាលខេត្តឧត្តរមានជ័យ៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ លើកកម្ពស់សិទ្ធិគ្រប់បែបយ៉ាង ដល់បងប្អូនជនជាតិភាគតិច


(ឧត្តរមានជ័យ)៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិ សេរីគ្រប់បែបយ៉ាង ដល់បងប្អូនជនជាតិភាគតិច។

ការថ្លែងបែបនេះ ក្នុងទិវាជនជាតិដើមភាគតិច ពិភពលោកលើកទី២៦ ក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីអនាគតបៃតង និងភាពធនរបស់ជនជាតិដើមភាគតិច ទៅនិងកូវីដ១៩» នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងបរិវេណព្រៃសហគមន៍សង្ឃរុក្ខវ័ន ក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង។ ទិវានេះមានការចូលរួមពី លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការនិមន្តចូលរួម ពីព្រះឧត្តរមណីប៊ុន សាលួត ព្រះមេគុណខេត្ត និងជាប្រធានសហគមន៍សង្ឃរុក្ខវ័ន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។

ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងទៀតថា ការប្រារព្វទិវាជនជាតិដើមភាគតិចនេះ គឺចង់បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងខិតខំលើកកម្ពស់ សិទ្ធិរស់រាន របស់បងប្អូនជនជាតិភាគតិច ដោយបានផ្តល់នូវឱកាសទទួលស្គាល់ និងផ្តល់សិទ្ធឲ្យបងប្អូនជនជាតិដើមភាគតិច ដោយពេញលេញ ក្នុងការការពារធនធានធម្មជាតិ ការបញ្ចេញមតិយោបល់រាល់សកម្មភាពក្នុងការអភិវឌ្ឋន៍ប្រទេសជាតិ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឲ្យបងប្អូនជនជាតិភាគតិចរបស់យើង ត្រូវប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន ស្របតាមច្បាប់កំណត់ និងត្រូវចូលរួម លើកកម្ពស់វប្បធម៍ជាតិ ប្រពៃណីទំនៀមទំលាប់ ដើម្បីរក្សាបាននូវអត្តសញ្ញាណ របស់បងប្អូនជនជាតិដើមភាគតិច ក៏ដូចជាលើកកម្ពស់ ក្នុងការអភិរក្ស និងការពារធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ជាពិសេសត្រូវចូលរួមផ្សព្វផ្សាយការពារនិងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធិភាព។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត និងអ្នកចូលរួមទាំងអស់ បានដាំកូនឈើគ្រញូងចំនួន៦០០ដើមផងដែរ៕