អភិបាលខេត្តកំពង់ចាម ចុះពិនិត្យតំបន់មេទឹកក្នុងស្រុកបាធាយ ដែលមានទំនាស់រ៉ាំរ៉ៃ ដោយការកាប់ទន្ទ្រានដី


អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យតំបន់មានទំនាស់ នៃតំបន់មេទឹក ស្ថិតនៅក្នុងភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ដែលមានទំនាស់រ៉ាំរ៉ៃ ជាយូរឆ្នាំមកហើយ ដោយសារការកាប់ទន្ទ្រានប៉ះពាល់លើផ្ទៃដីរដ្ឋ ដើម្បីធ្វើការដោះស្រាយ តាមនីតិវិធីឈ្នះ ឈ្នះ។

លោក ផេន សុផល អភិបាលស្រុកបាធាយ បានឱ្យដឹងថា តំបន់មេទឹកស្ថិតនៅក្នុងភូមិពពិត ឃុំតាំងក្រាំងនេះ ជាតំបន់ដែលមានទំនាស់រ៉ាំរ៉ៃយូរហើយ ដោយសារមានការទន្ទ្រានប៉ះពាល់លើផ្ទៃដីរបស់រដ្ឋ។

លោក ផេន សុផល បានឱ្យដឹងថា តំបន់មេទឹកនេះ គឺជាទីកន្លែងដែលប្រជាពលរដ្ឋទទួលផលប្រយោជន៍ច្រើន ពីការបង្កបង្កើនផលដាំដំណាំស្រូវ។ ហេតុដូច្នេះហើយ ក្នុងការចុះពិនិត្យរបស់អាជ្ញាធរខេត្ត រួមជាមួយនឹងអាជ្ញាធរស្រុកបាធាយ លោក អ៊ុន ចាន់ដា បានរៀបចំនីតិវិធីដោះស្រាយតាមបែបវិធីឈ្នះ ឈ្នះ ដើម្បីជាប្រយោជន៍ទាំងសង្ខាង ពោលគឺប្រយោជន៍របស់ប្រជាពលរដ្ឋ និងការរក្សាផ្ទៃដីរបស់រដ្ឋសម្រាប់ជាទីកន្លែង រក្សាប្រភពទឹកផ្ដល់ជូនប្រជាពលរដ្ឋស្រោចស្រពផលដំណាំនៅក្នុងតំបន់នេះផងដែរ៕