រដ្ឋបាលខេត្តព្រៃវែង គាំទ្រសិក្ខាសាលាស្ដីពីកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ ដើម្បីឱ្យម្ចាស់អាជីវកម្មទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន


ឯកឧត្តម សំ ប៊ុណ្ណារិន អភិបាលរងខេត្តព្រៃវែង បានថ្លែងថា សិក្ខាសាលាស្ដីពីការកសាងអាជីវកម្មប្រកបដោយជោគជ័យនេះ គឺពិតជាមានសារៈសំខាន់ណាស់ និងសូមប្រកាសគាំទ្រចំពោះឧកញ៉ា តែ តាំងប៉ ដែលបានបង្កើតអង្គសិក្ខាសាលានេះឡើង ពីព្រោះខេត្តព្រៃវែង នាពេលបច្ចុប្បន្ន មានសហគ្រាសធុនតូច និងមធ្យមជាច្រើន ដែលកំពុងត្រូវការនូវចំណេះដឹងថ្មីៗបន្ថែមទៀត និងការជួយជ្រោមជ្រែងពីអ្នកជំនាញ ដោយសារ ពួកគាត់នៅមានចំណុចខ្វះខាតទាំងផ្នែកបច្ចេកទេសទីផ្សារក៏ដូចជាធនាគារហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ និងអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគាត់ឱ្យឈានទៅមុខ។

ការថ្លែងគាំទ្របែបនេះ របស់ឯកឧត្តម សំ ប៊ុណ្ណារិន បានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពី ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ នៅសាលាខេត្តព្រៃវែង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីសំណាក់លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងលោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ខេត្ត ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងលោក លោកស្រីជាមន្ត្រីពន្ធដារ និងមន្ត្រីសាខាគយនិងរដ្ឋាករខេត្តព្រៃវែង និងម្ចាស់អាជីវកម្មជាច្រើនរូបផងដែរ។

ឯកឧត្តមអភិបាលរងខេត្តក៏បានលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យមទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្រេបយកនូវចំណេះដឹងពីអ្នកជំនាញក្នុងសិក្ខាសាលានេះ ដើម្បីបង្កើនការយល់ដឹង និងរៀបចំខ្លួនឱ្យសមស្រប និងនីតិវិធីក្នុងការទទួលបានហិរញ្ញប្បទានពីធនាគារ ជាពិសេសកម្ចីពីធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank)។

ឯកឧត្តម សំ ប៊ុណ្ណារិន បានបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមដែលមានវត្តមាននៅក្នុងអង្គសិក្ខាសាលានៅថ្ងៃនេះ និងយកចិត្តទុកដាក់ក្នុងការចូលរួមសកម្មភាពផ្សេងៗតាមរបៀបវារៈនៃកម្មវិធីនេះហើយ ក្រោយពីបានទទួលការបណ្ដុះបណ្ដាលក្នុងកម្មវិធីពេញមួយថ្ងៃនេះសហគ្រាសធុនតូច និងមធ្យមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការអភិវឌ្ឍការងារធុរកិច្ចរបស់ខ្លួនកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសនោះដែរ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា ដោយមើលឃើញថាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាយ៉ាងច្រើន ដែលត្រូវការចំណេះដឹងថ្មីៗ និងការជួយជ្រុំជ្រែងបន្ថែមទៀតទាំងផ្នែកបច្ចេកទេសផ្នែកទីផ្សារ ក៏ដូចជាធនាគារអារញ្ញវត្ថុ ដើម្បីទ្រទ្រង់អាជីវកម្មរបស់ពួកគាត់ទទួលបានជោគជ័យ ទើបមានការរៀបចំសិក្ខាសាលាស្តីពី ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យនេះឡើយ ហើយខេត្តព្រៃវែង ជាខេត្តទី២ បន្ទាប់ពីខេត្តកណ្តាលដែលបានធ្វើសិក្ខាសាលានេះ និងបន្តធ្វើនៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។

លោកឧកញ៉ា បានបញ្ជាក់ថា ក្នុងសិក្ខាសាលានេះ គឺមានការសហការជាមួយធនាគារឯកទេសវីង ធនាគារព្រីនស៍ អង្គការតម្លាភាពកម្ពុជា ក្រុមហ៊ុន metfone ក្រុមហ៊ុន BS land and home co.ltd និងក្រុមហ៊ុន pvc សហគ្រាសលាងឡេងក្នុងការធ្វើបទបង្ហាញជូនដល់អ្នកចូលរួមទាំងអស់ អំពីគន្លឹះ បទពិសោធន៍ និងយុទ្ធសាស្ត្រល្អៗក្នុងការអភិវឌ្ឍអាជីវកម្មឲ្យឈានទៅរកភាពជោគជ័យ សម្រាប់សហគ្រាសធុនតូច និងមធ្យម។

លោកឧកញ៉ាក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ដែលបានចូលរួមថ្ងៃនេះ រួមគ្នាការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយផ្ដើមចេញពីការធ្វើអនាម័យជាប្រចាំដោយលាងដៃនឹងសាប៊ូ ជែល អាល់កុលជាដើមជាពិសេសអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ផងដែរ នៅក្នុងពិធីនេះលោកឧកញ៉ាតែ តាំងប៉ ក៏បានឧបត្ថម្ភផលិតផលដែលផលិតឡើងដោយសហគ្រាសធុនតូច និងមធ្យមកម្ពុជាមួយចំនួនដល់រដ្ឋបាលខេត្តព្រៃវែង ផងដែរ៕