អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីអំពី «ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ សម្រាប់ឆ្នាំ២០២០»


នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ»។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។
នៅក្នុងកម្មវិធីនេះ អញ្ជើញចូលរួមពីអ្នកតំណាងគ្រប់គ្រងបរិស្ថានអង្គរ ប្រធាន អនុប្រធាននាយកដ្ឋាន មន្រ្តី-បុគ្គលិក នាយកក្រុមហ៊ុន HCC-អង្គរ កម្មករសម្អាត ភ្នាក់ងារសណ្តាប់ធ្នាប់ ប្រមាណ១០០នាក់។
មានមតិសំណេះសំណាល និងបើកសិក្ខាសាលាខាងលើ ឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថានអង្គរ បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ ជាការរឭកឡើងវិញ និងឆ្លុះបញ្ជាំងតថភាពខ្លះដែលបានឆ្លងកាត់ការអនុវត្តកន្លងមក។ ការអនុវត្តការងារគ្រប់គ្រងបរិស្ថានគឺជាការគ្រប់គ្រងការងារទាំងស្រុង ហើយការងារនេះមានជាប្រព័ន្ធ។ បើទោះបីឆ្នាំ២០២០ នេះ ពិភពលោកទទួលផលប៉ះពាល់គ្រប់វិស័យយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ១៩រាតត្បាត រួមទាំងប្រទេសកម្ពុជា ពិសេសតំបន់រមណីយដ្ឋានអង្គរ ក៏អាជ្ញាធរជាតិអប្សរាឆ្លៀតយកផលលំបាកនេះប្រែជាសក្កានុភាពដើម្បីពង្រឹងការថែទាំ កែលម្អឱ្យកាន់តែល្អប្រសើរឡើង។ ជាក់ស្តែងការរៀបចំរចនាសម្ពន្ធ សួនច្បារ ប្រព័ន្ធស្រោចស្រពស្មៅនៅបរិវេណប្រាសាទអង្គរវត្ត។
ឯកឧត្តមសង្គត់ធ្ងន់ថា ការថែរក្សាបេតិកភណ្ឌ និងថែរក្សាបរិស្ថាននៅតំបន់ឧទ្យានអង្គរទាំងមូលសំខាន់ណាស់ដែលអាជ្ញាធរជាតិអប្សរា ភាគីពាក់ព័ន្ធទាំងអស់បានខិតខំកន្លងមកឱ្យរីកចម្រើនគ្រប់វិស័យ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យកើនឡើងជាលំដាប់។
ដើម្បីរក្សាឱ្យបានរមណីយដ្ឋានធម្មជាតិ រក្សាធម្មជាតិកាន់តែប្រសើរឡើង ឯកឧត្តមរំឭកថា អាជ្ញាធរជាតិអប្សរាបានរៀបចំប្រព័ន្ធគ្រប់គ្រងបរិស្ថានមួយប្រកបដោយប្រសិទ្ធិភាព និងនិរន្តភាពដែលអនុលោមតាមស្តង់ដារ ISO 14001 ដែលមានការចូលរួមតាមដានរបស់ស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA)។
ឯឧត្តមបន្ថែមថា មកដល់ពេលនេះ ក្រុមការងារបានអនុវត្តតាមស្តង់ដារ តាំងពី ISO14001 ឆ្នាំ២០០៤ ដល់ឆ្នាំ២០១៨ អនុវត្តស្តង់ដារថ្មី គឺ ISO 14001:2015 ដែលមានការកែប្រែខ្លះ។ នៅខែកុម្ភៈ ឆ្នាំ២០២១នេះ ជាឆ្នាំចុងក្រោយដែលនឹងអស់សុពលភាពវិញ្ញាបនបត្រ ស្របពេលដែលសវនករតំណាងស្ថាប័ន JQAចុះមកពិនិត្យតាមដានដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំថ្ងៃនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន នៅក្នុងរយៈពេលនៃសុពលភាព៣ឆ្នាំ នៃស្ដង់ដា ISO14001: 2015។
ក្រៅពីនោះ សិក្ខាសិលាបានធ្វើបទបង្ហាញស្តីពីការគ្រប់គ្រងបរិស្ថានក្នុងតំបន់អង្គរ សៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ការចូលរួមសម្អាតរមណីយដ្ឋានអង្គរ សំណួរ-ចម្លើយ មតិ និងសំណូមពរសម្រាប់សិក្ខាកាមលើកឡើងដល់វាគ្មិន៕