ទីប្រឹក្សាក្រសួងធម្មការ ជំរុញប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩


ឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយកសមាគមបេសកកម្មដំណឹងល្អ បានថ្លែងជំរុញប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ខណៈដែលកំពុងរាលដាលយ៉ាងខ្លាំងពេញពិភពលោក ហើយក្នុងនោះកម្ពុជា ក៏មានអ្នកឆ្លងជំងឺនេះពីក្រៅប្រទេសជាបន្តបន្ទាប់ដែរ។

ឯកឧត្តមជំរុញបែបនេះ បានធ្វើឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ក្នុងឱកាសឯកឧត្តមសហការជាមួយក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេត (BemaReal Estate co.Ltd) នាំយកអំណោយគ្រឿង ឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា ស្រ្ដីមេម៉ាយ ជនពិការ និងប្រជាពលរដ្ឋជួបបញ្ហាលំបាកខ្វះស្បៀងអាហារចំនួន ១០០គ្រួសារ ស្ថិតនៅភូមិឈើភ្លើង (ចំនួន៥០គ្រួសារ) និងភូមិថ្លក់ព្រីង (ចំនួន៥០គ្រួសារ) ក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ឯកឧត្តម ខាន់ ខុន ថែមទាំងបានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាទៅពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញ ឬមណ្ឌលសុខភាពដែលនៅជិតលោកអ្នក ហើយត្រូវអនុវត្តនូវអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសារអប់រំណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កំពុងតែកើតមានទ្បើងនៅក្នុងប្រទេស។

ឯកឧត្តមបន្តថា ចំពោះគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដើម្បីឱ្យប្រជាពលរដ្ឋ ទទួលបាននូវចំណេះដឹង ច្បាស់លាស់ កុំឲ្យមានបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្សេងៗ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុត ព្រមទាំងខិតខំពន្យល់ដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីការប្រែប្រួល អាកាសធាតុផងដែរ។

សូមជម្រាបថា អំណោយបានផ្តល់ជូនប្រជាពលរដ្ឋ ១០០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ មី ទឹកត្រី ទឹកស៉ីអ៉ីវ និងអាហារបំប៉នផងដែរ៕