គ្រួសារកងទ័ព និងពលរដ្ឋ ៥៥គ្រួសារ ដែលមានជីវភាពខ្វះខាត ទទួលបានអំណោយពីមេបញ្ជការកងពលតូចអន្តរាគមន៍លេខ៦


លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានឈរជើងនៅសមូរភូមិទិសទី២ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាំយកអំណោយ និងថវិកាមួយចំនួន ប្រគល់ជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៥៥គ្រួសារ ក្នុងឱកាសឈប់សម្រាកថ្ងៃសង ចំនួន៥ថ្ងៃ។

លោកឧត្តមសេនីយ៍ទោ ឈុំ ខេង បានថ្លែងថា ដើម្បីចូលរួមកាត់បន្ថយភាពក្រីជូនប្រជាពលរដ្ឋ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល និងស្របពេលដែលជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់កុំពុងកើតមានឡើង ដែលធ្វើឱ្យប៉ះពាល់ជីវភាពរស់នៅនោះ កងពលតូចអន្តរាគមន៍លេខ៦ បាននាំអំណោយមានសម្ភារ ថវិកា ដើម្បីយកមកចែកជូនដល់គ្រួសារកងទ័ព និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ៣មុឺនរៀល និងសម្ភារមួយចំនួន។

លោកមេបញ្ជាការ បានបញ្ជាក់ថា បើទោះបីជាអំណោយនៅពេលនេះ មានចំនួនតិចតួចក្តី តែអាចដោះស្រាយការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋបានមួយគ្រាៗដែរ ហើយក៏បានបញ្ជាក់ពីការចូលរួមរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ផងដែរ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ឈុំ ខេង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ពិសេសត្រូវអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារពីជំងឺកូវីដ-១៩ ទន្ទឹមនឹងនោះត្រូវខិតខំបង្ករបង្កើនផលដាំដំណាំផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើងថែមទៀត៕