រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ ភ្ញៀវទេសចរដែលបានដើរលេងកម្សាន្តទូទាំងប្រទេស នាឱកាសឈប់សម្រាក៥ថ្ងៃ មានសរុបជាង១.៤លាននាក់


នៅរាត្រីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ដែលជាថ្ងៃចុងក្រោយ នាឱកាសថ្ងៃឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន ឲ្យដឹងថា នៅក្នុងភ្ញៀវទេសចរដែលបានដើរលេងកម្សាន្តតាមគោលដៅនានាទូទាំងប្រទេស នាឱកាសឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ មានសរុបមានចំនួនប្រមាណ ១,៤៥៩,៣៨៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ១.៤៤៥.២៣៨នាក់ និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ១៤.១៤៨នាក់។

សម្រាប់ចំនួនភ្ញៀវទេសចរតាមថ្ងៃនីមួយៗ មានដូចខាងក្រោម៖
* ថ្ងៃទី១ ប្រមាណ ២៣៣.៣២៩ នាក់
* ថ្ងៃទី២ ប្រមាណ ២៨១.៨៥៥ នាក់
* ថ្ងៃទី៣ ប្រមាណ ៣២៥.០៧៧ នាក់
* ថ្ងៃទី៤ ប្រមាណ ៣៣៤.៣៩១ នាក់
* ថ្ងៃទី៥ ប្រមាណ ២៨៤.៧៣៤ នាក់

ជាការកត់សម្គាល់បន្ថែម លោករដ្ឋមន្រ្តីបានបញ្ជាក់ឲ្យដឹងដូចខាងក្រោមថា៖

* រាជធានីខេត្តទាំងអស់ បានខិតខំរៀបចំគោលដៅទេសចរណ៍ និងបង្ហាញផលិតផលទេសចរណ៍ថ្មីៗ ក៏ដូចជារៀបចំព្រឹត្តិការណ៍ទាក់ទាញទេសចរ ពិសេសការរៀបចំព្រឹត្តិការណ៍ «សម្រាកសៀមរាប» ដែលបានទាក់ទាញទេសចររាប់ម៉ឺននាក់ទៅកម្សាន្តនៅខេត្តសៀមរាប ខណៈរដ្ឋបាលខេត្ត បានខិតខំអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសនៅកន្លែងប្រារព្វពិធី និងនៅផាប់ស្រ្ទីតជាដើម។

* ភ្ញៀវទេសចរភាគច្រើន បានដើរកម្សាន្តជាក្រុមគ្រួសារ និងជាច្រើនគោលដៅដោយភ្ជាប់គ្នាពីខេត្តមួយទៅខេត្តមួយ ហើយខ្លះបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់ហូបចុកក្នុងដំណើរកម្សាន្ត។

* តាមការអង្កេតជាក់ស្តែង មិនមានបញ្ហាធំដុំណាមួយកើតឡើងទេ ជាពិសេសការតំឡើងថ្លៃហួសហេតុលើសេវាស្នាក់នៅ និងម្ហូបអាហារ។ យ៉ាងណាក៏ដោយ នៅតាមគោលដៅទេសចរណ៍មួយចំនួន មានការខ្វះខាតបន្ទប់ស្នាក់នៅ ដោយសារលំហូរភ្ញៀវមានច្រើនក្នុងពេលតែមួយ ប៉ុន្តែមិនមានការតំឡើងតំលៃសេវាស្នាក់នៅហួសហេតុពេកទេ។ ភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសការបោះតង់ និងការស្នាក់នៅផ្ទះរបស់បងប្អូន ឬជួលផ្ទះរបស់បងប្អូនប្រជាជនក្នុងខេត្តផ្ទាល់ ខណៈដែលការស្នាក់នៅតាមសណ្ឋាគារលំដាប់ផ្កាយ (ផ្កាយ ៤ និងផ្កាយ៥) នៅមិនទាន់មានចំនួនច្រើននៅឡើយ។

* ប៉ុន្តែសំរាមនៅតែជាបញ្ហាស្មុគ្រស្មាញ ដោយនៅតាមគោលដៅមួយចំនួន ភ្ញៀវទេសចរមានការទុកដាក់សំរាមមិនបានត្រឹមត្រូវ ជាពិសេសបោះចោលសំរាម ឬទុកចោលនៅកន្លែងដែលពួកគាត់បានទទួលទានអាហារ។

* គ្រប់គោលដៅទេសចរណ៍ បានខិតខំអនុវត្តតាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ ក្រសួងទេសចរណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោមការណែនាំ និងចុះពិនិត្យផ្ទាល់ដល់មូលដ្ឋានរបស់គណៈអភិបាល រាជធានីខេត្ត ដែលមានមន្ទីរទេសចរណ៍ជាសេនាធិការ ជាពិសេសការស្កេនកំដៅ លាងដៃ និងការកត់ត្រាពត៌មានភ្ញៀវ។

យ៉ាងណាក៏ដោយ ការពាក់ម៉ាស់របស់ភ្ញៀវ នៅមិនទាន់មានភាពពេញលេញ ហើយការរក្សាគំលាតសុវត្ថិភាពនៅពុំទាន់អនុវត្តបានល្អប្រសើរ ជាពិសេសនៅតាមគោលដៅទេសចរណ៍ ដែលមានលក្ខណៈប្រមូលផ្តុំច្រើន។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជនមានភាពរីករាយជាមួយលំហូរភ្ញៀវទេសចរនៅគ្រប់គោលដៅ ទេសចរណ៍ ខណៈដែលការចំណាយរបស់ភ្ញៀវ បានហូរចូលដោយផ្ទាល់ទៅក្នុងចរន្តសេដ្ឋកិច្ចមូលដ្ឋាន បើទោះបីជាការចំណាយរបស់ភ្ញៀវមាន កម្រិតតិចជាងពេលមានវិបត្តិកូវីដ១៩ក៏ដោយ។ មូលដ្ឋានអាជីវកម្មទេសចរណ៍ភាគច្រើន បានបើកទទួលភ្ញៀវ រាប់តាំងពីសេវាស្នាក់នៅ និងម្ហូបអាហារ ខណៈដែលមគ្គុទេសមួយចំនួនក៏បានទទួលការងារពីលំហូរភ្ញៀវទេសចរដ៏ច្រើននេះជាពិសេសនៅខេត្តសៀមរាប៕