សមាជិកព្រឹទ្ធសភាដឹកនាំសកម្មភាពដាំកូនឈើ ៤០០ដើម នៅវត្តក្តីចារ្តិ៍ ស្ថិតនៅភូមិសាស្ត្រខេត្តកំពង់ធំ


លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ បានចូលរួមដឹកនាំសកម្មភាពដាំកូនឈើប្រណីតៗប្រមាណ ៤០០ដើម ក្នុងនោះមានឈើបេង ធ្នង់ គ្រញូង នាងនួន រាំងភ្នំជាដើម នៅបរិវេណនៅវត្តតាលវ័ន្តក្តីចារ្តិ៍ ហៅវត្តក្តីចារ្តិ៍ ស្ថិតនៅភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាមួយនឹងការថ្លែងអំពាវនាវឱ្យចូលរួមថែរក្សាការពារព្រៃឈើ និងបរិស្ថានជាច្រើនផ្សព្វផ្សាយជូនប្រជាពលរដ្ឋ។

លោកជំទាវ ឃួន ឃុនឌី បានលើកឡើងថា ព្រៃឈើជាប្រភពធនធម្មជាតិដ៏សំខាន់ ដូច្នេះសូមប្រជាពលរដ្ឋនាំគ្នាបំផុសស្មារតីចេះស្រឡាញ់ព្រៃឈើ តាមរយៈចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយលើកស្ទួយបរិស្ថានសង្គមទៀតផង។

លោកជំទាវបានបន្តទៀតថា ថ្ងៃក្រោយវត្តតាលវ័ន្តក្តីចារ្តិ៍នេះ នឹងក្លាយជាកន្លែងដែលមានដើមឈើច្រើន និងមានម្លប់ត្រជាក់ត្រជុំ សូមឱ្យប្រជាសហគមន៍ជួយថែរក្សា ជាពិសេសត្រូវរួមគ្នាដាំដើមឈើឲ្យបានគ្រប់ៗគ្នា ហើយត្រូវតែនាំគ្នាបន្តដាំដើមឈើឡើងវិញឲ្យបានគ្រប់ទីកន្លែងនៅតាមទីវត្តអារាម សាលារៀន ក៏ដូចជានៅតាមទីសាធារណៈជាដើម។

លោកជំទាវក៏មានគម្រោងរៀបចំដាំដើមឈើកែលម្អសោភ័ណភាពនៅតាមផ្លូវសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាពបន្ថែមទៀត ក្នុងការដាំដើមឈើនេះ ដើម្បីឲ្យផ្ដល់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់មនុស្សសត្វជ្រកកោននៅទីនេះ ក៏ជាផលមួយនៅក្នុងការធ្វើបុណ្យទានផងដែរ។

ទន្ទឹមនឹងនេះ លោកជំទាវក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លួនផង សហគមន៍ផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវចម្រុះផងដែរ ជាពិសេសកាត់បន្ថយនូវគ្រោះធម្មជាតិ ដូចជា ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួតជាដើម។

ជាមួយគ្នានោះ លោកជំទាវបានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រះតេជគុណគ្រប់ព្រះអង្គសូមចូលរួមថែក្សារបរិស្ថានអនាម័យឱ្យបានស្អាតល្អ គោរពច្បាប់ចរាចរណ៍មានការយោគយល់គ្នាក្នុងពេលបើកបរ និងចូលរួមទប់ស្កាត់មេរោគកូវីដ-១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល៕