ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ តាមប្រព័ន្ធវីដេអូ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ នៅឆ្នាំ២០២០នេះ ប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំនូវកិច្ចប្រជុំ។ លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំ។

កិច្ចប្រជុំនៅថ្ងៃនេះ រៀបចំឡើងក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»។ ថ្នាក់ដឹកនាំទាំងអស់ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមទិសដៅនៃសេចក្ដីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦, សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគតសម្រាប់ ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូ ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។

យោងតាមក្រសួងការបរទេសកម្ពុជា ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំប្រទេសសមាជិកមេគង្គ-ឡានឆាង នឹងផ្តោតការយកចិត្តទុកដាក់ផងដែរ លើកិច្ចខិតខំប្រឹងប្រែងរួម របស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩។

ក្រសួងការបរទេសបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣នេះ នឹងគូសបញ្ជាក់អំពីសារៈសំខាន់ នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅតំបន់មេគង្គ-ឡានឆាង ក៏ដូចជាការលើកកម្ពស់សន្តិសហវិជ្ជមាន ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។

អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី ចូលរួមក្នុងកិច្ចប្រជុំរួមមាន លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោក លី ខឺឈាង ក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី១៧ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា ដែលយោងតាមគំនិតផ្ដួចផ្ដើមរបស់ថៃ ស្ដីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃអនុតំបន់មេគង្គ-ឡានឆាង កាលពីឆ្នាំ២០១២។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានកំណត់នូវកិច្ចប្រជុំជាច្រើន បែងចែកជា ៤កម្រិត។ ក្នុងនោះកិច្ចប្រជុំក្រុមការងារធ្វើឡើង ១ ឬ ២ដងក្នុងមួយឆ្នាំ និងទៅតាមការចាំបាច់, កិច្ចប្រជុំឧត្តមមន្ត្រីធ្វើឡើង ១ដងក្នុងមួយឆ្នាំ និងទៅតាមការចាំបាច់, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសធ្វើឡើង ១ដងក្នុងមួយឆ្នាំ ដោយឡែកកិច្ចប្រជុំកំពូលវិញ ត្រូវធ្វើឡើង ២ឆ្នាំម្តង។

កិច្ចប្រជុំមេគង្គ-ឡានឆាង ត្រូវធ្វើឡើងដោយមានប្រទេសចិន ជាសហប្រធានអចិន្ត្រៃយ៍ ហើយប្រទេសតំបន់ទន្លេមេគង្គ ត្រូវផ្លាស់ប្តូរវេនធ្វើជាសហប្រធានទៅតាមលំដាប់តួអក្សរ។

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី១ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០១៦ នៅទីក្រុងសានយ៉ា ខេត្តហៃណាន ប្រទេសចិន ដោយប្រទេសចិន និងថៃ ធ្វើជាសហប្រធាន។

សម្រាប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ ក្នុងឆ្នាំ២០១៨ ត្រូវបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ដោយកម្ពុជា និងចិន ធ្វើជាសហប្រធាន។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានបង្កើតឡើងដោយគោរពតាមគោលការណ៍កុងសង់ស៊ីស ការបើកចំហរ ការបញ្ចូលគ្នា សមភាព ការពិគ្រោះយោបល់ និងការសម្របសម្រួលទៅវិញទៅមក ការស្ម័គ្រចិត្ត ការរួមចំណែក និងផលប្រយោជន៍រួម និងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បង្កើតសហគមន៍មួយដែលរួមអនាគត គ្នាប្រកបដោយសនិ្តភាពនិងវិបុលភាព ថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់ពន្លឿន «ក្រវ៉ាត់សេដ្ឋកិច្ច និងវិថីសូត្រ» «វិថីសូត្រសមុទ្រសតវត្សរ៍ទី២១» ដែលហៅកាត់ថា «ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ»។

សូមបញ្ជាក់ថាមេគង្គ-ឡានឆាង មានផ្ទៃទន្លេសរុបប្រវែងប្រមាណ ៤,៨៨០គីឡូម៉ែត្រ ហូរកាត់ប្រទេសចំនួន៦ គឺ៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ មានផ្ទៃស្ដុកទឹក ៧៩៥,០០០គីឡូម៉ែត្រការ៉េ ផ្គត់ផ្គង់ប្រជាជនប្រមាណ ៣២៦លាននាក់នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង៕