ប្រធានរដ្ឋសភា ជំរុញមន្រ្តី និងអាជ្ញាធរមូលដ្ឋាន បង្កបរិយាកាសដល់ប្រជាពលរដ្ឋ ពង្រីកមុខរបរកសិកម្ម និងចិញ្ចឹមសត្វ


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជំរុញលើកទឹកចិត្ត ដល់មន្រ្តី និងអាជ្ញាធរមូលដ្ឋានទំាងអស់ បង្កបរិយាកាសដល់ប្រជាពលរដ្ឋ ក្នុងការពង្រីកមុខរបរកសិកម្ម ការបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់ ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិ។

សម្តេចប្រធានរដ្ឋសភា ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានលើកកម្ពស់ ការផ្តល់សេវាសាធារណៈបន្ថែមទៀត ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូចជាការងារអត្រានុកូលដ្ឋាន និងបន្តអនុវត្តឱ្យបានល្អនូវគោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព» ជាពិសេសការចូលរួមអនុវត្ត និងផ្សព្វផ្សាយ វិធានការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់។

ការជំរុញដល់មន្រ្តីរាជការបម្រើប្រជាពលរដ្ឋបែបនេះ បានលើកឡើង នៅក្នុងឱកាស សម្តេចប្រធានរដ្ឋសភា ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ សមាជិកសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងស្រុក នៃខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សម្តេចអគ្គមហាពញាចក្រី បានមានប្រសាសន៍ថា ជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់ទំាងសេដ្ឋកិច្ច និងសង្គម ដល់មនុស្សជាតិ និងបានធ្វើឲ្យពិភពលោក និងកម្ពុជាប្រឈមជាមួយរបត់ថ្មីមួយ។ តែទោះបីកម្ពុជាបានជួបបញ្ហាប្រឈមជាច្រើន បណ្តាលពីជំងឺនេះក្តី រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រង និងដោះស្រាយវិបត្តិនេះ បានទាន់ពេលវេលា តាមរយៈ ការដាក់ចេញនូវយុទ្ធសាស្រ្ត និងវិធានការច្បាស់លាស់ម៉ឺងម៉ាត់ ហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ។

សម្តេចប្របានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជំនួយសង្គម ពិសេសការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ កម្មករបាត់បង់ការងារ ស្រ្តីមានផ្ទៃពោះ និងក្មេងអាយុក្រោម ២ឆ្នាំ និងវិធានការអន្តរាគមន៍ផែ្នកសេដ្ឋកិច្ច ដែលក្នុងនោះការអនុគ្រោះពន្ធ ការអនុញ្ញាតមិនឱ្យបង់ប្រាក់វិភាគទានធានារ៉ាប់រងហានិភ័យការងារ និងថែទាំសុខភាព ការផ្តល់ភាពអនុគ្រោះលើលក្ខខណ្ឌឥណទាន និងការជួយឧបត្ថម្ភ សហគ្រាសខ្នាតតូច និងមធ្យម ផងដែរ។
សម្តេចគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ មានគ្រួសារពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ មិនតិចជាង ៥៧ម៉ឺនគ្រួសារទេ បានទទួលបានប្រាក់ឧត្ថម្ភពីរដ្ឋ ក្នុងនោះរាជរដ្ឋាភិបាលបានលបញ្ចេញថវិកាប្រមាណជាង ៥០លានដុលា្លរ ហើយរាជរដ្ឋាភិបាល កំពុងបន្តស្រាវជ្រាវកំណត់រកគ្រួសារក្រីក្របន្តទៀត ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ ដោយសារអត់បាយនោះឡើយ។

សម្តេចប្រធានរដ្ឋសភា ជម្រាបមន្រ្តីថ្នាក់មូលដ្ឋានថា នៅក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក្តី រាជរដ្ឋាភិបាលខិតខំ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនិងប្រទេសជាតិ ប្រកបដោយការយកចិត្តទឹកដាក់ខ្ពស់ ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍជាលំដាប់ ហើយកម្រិតជីវភាពរស់នៅរបស់ប្រជាជន កាន់តែមានភាពល្អប្រសើរឡើង បច្ចុប្បន្ននេះ ផលិតផលសរុបសម្រាប់មនុស្សម្នាក់ៗ ប្រមាណជាង ១៦០០ដុល្លារអាមេរិក ហើយភាពក្រីក្រស្ថិតក្នុងរង្វង់ ១០% ប៉ុណ្ណោះ។ សម្តេចបញ្ជាក់ថា «រាជរដ្ឋាភិបាល បានការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាពជាតិ និងបន្តធានារក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ»។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចបានស្នើដល់មន្រ្តីរាជការទំាងអស់ រក្សាសាមគ្គីភាពនៅក្នុងសហគមន៍ តាមរយៈការបង្ហាញនូវតម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវារបស់ខ្លួន ជូនប្រជាពលរដ្ឋ ជាពិសេសការកំណត់អត្តសញ្ញាណប្រជាជនក្រីក្រ និងការផ្តល់ថវិកា ជំនួយសង្គម និងត្រូវបន្តចូលរួមអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរាកត្បាតជំងឺកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកទឹកចិត្តឲ្យអាជ្ញាធរ មន្រ្តីគ្រប់ជាន់ថ្នាក់ ចូលរួមចំណែកខិតខំលើកកម្ពស់វិស័យអប់រំ តាមរយៈការបង្កលក្ខណៈសម្បត្តិសិក្សាពីចម្ងាយ ដែលជាយន្តការរបស់ក្រសួងអប់រំ យុវជននិងកីឡា នៅក្នុងពេលរាតត្បាតជំងឺកូវីដ១៩នេះ។

សម្តេចបានស្នើដល់អាជ្ញាធរ ជួយជំរុញក្មួយៗ យុវជន យុវនារី ឱ្យខិតខំសិក្សាជំនាញបច្ចេកទេស ដើម្បីប្រកបវិជ្ជាជីវៈ ដែលឆ្លើយតបនឹងតម្រូវការងារ និងការវិវឌ្ឍជឿនលឿនផ្នែកបច្ចេកវិទ្យាទំនើបសព្វថ្ងៃនេះ៕