ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោក Wang Bingham អគ្គនាយកក្រុមហ៊ុនធៀន ធៀន និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យកសិកម្ម


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនារសៀលម៉ោង១៦:០០ ថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោក Wang Bingham អគ្គនាយកក្រុមហ៊ុនធៀន ធៀន និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរមកកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មដោយភាគីចិនបានបង្កើនបរិមាណនៃការនាំចូលអង្ករកម្ពុជារហូតដល់ ៥០០ពាន់តោន និងថ្មីៗនេះបានអនុញ្ញាតឱ្យកម្ពុជានាំចេញចេកអំបូងលឿង និងស្វាយស្រស់ឆ្ពោះត្រង់ទៅកាន់ប្រទេសចិនផងដែរ។ ពាក់ព័ន្ធនឹងគម្រោងវិនិយោគប្រមូលទិញ កែច្នៃ វេចខ្ចប់ និងនាំចេញផ្លែឈើស្រស់កម្ពុជាចេញទៅប្រទេសចិនរបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ត្រីស្វាគមន៍ និងគាំទ្រ ហើយលោកក៏បានបញ្ជាក់ផងដែរថា គម្រោងវិនិយោគនេះគឺពិតជាស្របតាមផែនការអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងក្នុងការជំរុញផលិតកម្មកសិកម្មក្នុងស្រុកតាមរយៈការធ្វើទំនើបកម្មកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ដែលទាំងអស់នេះនឹងជួយជំរុញសេដ្ឋកិច្ចជាតិ។
លោក Wang Bingham បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងសហការីដែលបានចំណាពេលវេលាដ៏មានតម្លៃទទួលជួបរូបលោកនារសៀនេះ។ លោកបានបញ្ជាក់ថា បន្ទាប់ពីបានទស្សនកិច្ចសិក្សាស្វែងយល់អំពីផលិតផល និងគុណភាពនៃផ្លែស្វាយ មៀន ខ្នុរ ធុរេន ដូងក្រអូប និងក្រូចថ្លុងរបស់កម្ពុជា លោកពិតជាមានការជឿជាក់ថានឹងទទួលការគាំទ្រ និងមានទីផ្សារខ្ពស់នៅប្រទេចិននាពេលដែលក្រុមហ៊ុនដាក់លក់នៅលើប្រព័ន្ធទីផ្សារពាណិជ្ជកម្មព័ត៌មានវិជ្ជាផ្ទាល់របស់ក្រុមហ៊ុន។ ហើយដើម្បីឱ្យគម្រោនេះទទួលបានជោគជ័យ លោកអគ្គនាយកក៏បានស្នើសុំយោបល់ និងអនុសាសន៍ពីឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីជំនាញពាក់ព័ន្ធនឹងទីផ្សារប្រមូលទិញ និងនីតិវិធីនៃការនាំចេញផលិតផលខាងលើទៅប្រទេសចិន។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ក្រុមហ៊ុនសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានសហប្រតិបត្តិកាអន្តរជាតិ និងនាយកដ្ឋានកសិឧស្សាហកម្ម សិក្សាស្វែងយល់បន្ថែមអំពីសក្តានុពុលនៃផលិតកម្មឈើហូបផ្លៃខាងលើ រួចរៀបចំចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រសួង ដើម្បីក្រសួងមានលទ្ធភាពអាចជួយសម្របសម្រួលក្នុងការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍ និងជាពិសេសនីតិវិធីនៃការនាំចេញ។