នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dmitry Tsvetkov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តមឯកអគ្គរដ្ឋទូត Dmitry Tsvetkov បានលើកឡើងអំពីចំណាប់អារម្មណ៍របស់អ្នកវិនិយោគទុនរុស្ស៊ី ក្នុងការទិញផលិតផលកសិកម្មពីកម្ពុជា និងធ្វើការនាំចូលដែបថែប មកកាន់ទីផ្សារកម្ពុជា។
លោកជំទាវ តឹករ៉េត កំរង បានសម្តែងការស្វាគមន៍ និងបានស្នើសុំឯកឧត្តមឯកអគ្គរដ្ឋទូត រៀបចំឲ្យមានជំនួបពិភាក្សារវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគ។ លើសពីនេះ លោកជំទាវក៏បានស្នើសុំប្រទេសរុស្ស៊ី ពិចារណាទិញផលិតផលកសិកម្មរបស់ខ្មែរឲ្យបានអតិបរិមាដូចជា៖ អង្ករ កៅស៊ូ និងស្វាយចន្ទីជាដើម។
ជាការឆ្លើយតប ឯកឧត្តម Dmitry Tsvetkov បានស្នើឲ្យកម្ពុជារៀបចំបង្កើតក្រុមការងារចរចាមួយ ដើម្បីពិនិត្យឡើងវិញ និងជំរុញការអនុវត្តលើបញ្ជីមុខទំនិញកម្ពុជា ដែលរុស្ស៊ីធ្លាប់បានអនុញ្ញាតឲ្យកម្ពុជានាំចូលចំនួន ៣០០០មុខ ដោយមិនជាប់ពន្ធ និងកូតាអ្វីទាំងអស់។
កិច្ចពិភាក្សានេះ ក៏បានផ្តោតសំខាន់ទៅលើការរៀបចំបញ្ជីគម្រោងសំណើអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងការអញ្ជើញកម្ពុជាទៅចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg លើកទី២១ នៅសហព័ន្ធរុស្ស៊ី នាពេលខាងមុខ។