រដ្ឋបាលខេត្តសៀមរាប បន្តជំរុញអនុវត្ត និងពង្រឹងសុវត្ថិភាពទេសចរណ៍នៅតាមបណ្តាមូលដ្ឋានអាជីវកម្មក្នុងខេត្ត


នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២០ នៅសាលប្រជុំលេខ១ សាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំក្រុមការងារចុះត្រួតពិនិត្យវិធានសុវត្ថិភាពទេសចរណ៍ប្រចាំខែសីហា ឆ្នាំ២០២០ ក្នុងខេត្តសៀមរាប ដើម្បីពិនិត្យសម្រេចក្នុងការផ្តល់ឡាប៊ែលសុវត្ថិភាពដែលក្រុមការងារបានចុះវាយតំលៃ ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារត្រួតពិនិត្យវិធានសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីលោក លោកស្រី តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងលោក លោកស្រី អភិបាលក្រុង/ស្រុក ក្នុងខេត្តសៀមរាប ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋានក្រុមការងារត្រួតពិនិត្យតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាបបានរាយការណ៍ដោយសង្ខេបអំពីលទ្ធផលដែលក្រុមការងារបានអនុវត្តក្នុងខែសីហា ឆ្នាំ២០២០ នេះ ដោយបានបញ្ជាក់ថាឆ្លងតាមរយៈការចុះត្រួតពិនិត្យរបស់ក្រុមការងារត្រួតពិនិត្យសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាបជំហានទី២ ក្នុងខែសីហា ឆ្នាំ២០២០ នេះ ក្រុមការងារបានចុះត្រួតពិនិត្យចំនួន ១៧ ទីតាំងអាជីវកម្ម ផ្នែកសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ។ តាមរយៈការចុះត្រួតពិនិត្យ និងវាយតម្លៃរបស់ក្រុមការងារផ្នែកសេវាកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ទៅលើលក្ខណៈវិនិច្ឆ័យសុវត្ថិភាពទេសចរណ៍បានសម្រេចស្នើសុំការសម្រេចពីអង្គប្រជុំនូវការផ្តល់ឡាប៊ែលសុវត្ថិភាពជូនដល់មូលដ្ឋានអាជីវកម្មចំនួនៈ ១៦ ភោជនីយដ្ឋាន ក្នុងនោះរួមមាន ៖ (១) ភោជនីយដ្ឋាន Starbucks (២)ភោជនីយដ្ឋាន AKA Japanese Restaurant (៣)ភោជនីយដ្ឋាន Dairy Queen (៤)ភោជនីយដ្ឋាន The Pizza Company (៥) ភោជនីយដ្ឋាន Koi (៦) ភោជនីយដ្ឋាន Amazon Cafe (៧)ភោជនីយដ្ឋាន Bar BQ Plaza (៨)ភោជនីយដ្ឋាន Swensen (៩)ភោជនីយដ្ឋាន Tous Les Jours (១០)ភោជនីយដ្ឋាន Domino Pizza (១១)ភោជនីយដ្ឋាន Yummy Korea (១២)ភោជនីយដ្ឋាន The Hashi (១៣)ភោជនីយដ្ឋាន De Tummour (១៤)ភោជនីយដ្ឋាន Green Suki Soup (១៥)ភោជនីយដ្ឋាន រហាត់កាហ្វេ (១៦)ភោជនីយដ្ឋាន ឡាណិច ។ ដោយឡែកសម្រាប់អាជីវកម្មដែលពុំទាន់គ្រប់លក្ខណៈក្នុងការស្នើសុំឡាប៊ែលសុវត្ថិភាព ក្រុមការងារនឹងធ្វើការណែនាំឲ្យកែតម្រូវតាមស្តង់ដាសុវត្ថិភាពទេសចរណ៍ទើបស្នើសុំឡាប៊ែលជូននៅពេលក្រោយ និងបន្តចុះពិនិត្យវាយតម្លៃឲ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលកំពុងដំណើរការក្នុងសខេត្តសៀមរាប ។

ជាមួយគ្នានេះ លោក ប្រធានអង្គប្រជុំក៏បានដាក់នូវវិធានការចំនួន ០៤ ៖
១- ស្នើសុំដល់អភិបាលស្រុកទាំងអស់ឲ្យបន្តផ្សព្វផ្សាយពីបញ្ហាជំងឺកូវីដ-១៩ ពិសេសពេលប្រជុំគណៈបញ្ជាការឯកភាពស្រុក
២- ស្នើសុំដល់ក្រុមការងារទាំងអស់ចុះពិនិត្យចុះវាយតម្លៃគ្រប់អាជីវកម្មសេវាកម្មទេសចរណ៍ ដែលកំពុងដំណើរការទាំងអស់ក្នុងខេត្តសៀមរាប និងបន្តចុះពិនិត្យមូលដ្ឋានអាជីវកម្មដែលបានទទួលឡាប៊ែលហើយឲ្យបន្តគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍
៣- ស្នើដល់ក្រុមការងារបន្តចុះពិនិត្យការកែប្រែខារ៉ាអូខេ បៀរហ្កាឌិន ស្កាយបារ ឲ្យទៅជាភោជនីយដ្ឋានបណ្តោះអាសន្ន ដោយក្រុមការងារត្រូវចូលរួមត្រួតពិនិត្យឲ្យបានម៉ត់ចត់ និងបន្តតាមដានការអនុវត្តវិធានសុវត្ថិភាពនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍
៤- ស្នើដល់ក្រុមការងារបន្តចុះអនុវត្តសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍លេខ ១៦៧ សជណ.អរហ និងសេចក្តីជូនដំណឹងលេខ ១៦៨ សជណ.អរហ ចុះថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍ ស្តីពីការផ្អាកអាជីវកម្មហាងម៉ាស្សាសុខភាព និងស្ប៉ា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានី-ខេត្ត ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ។