គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ពង្រឹងកិច្ចសហប្រតិបត្តិការ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅកម្ពុជា


(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ( គ.ជ.គ.ម) និងអង្គការ «អាក់សិនអេតកម្ពុជា» បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង២ ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ហង្ស សាមឿន អនុប្រធាន គ.ជ.គ.ម តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាមួយលោក ហុង រស្មី នាយកអង្គការអាក់សិនអេតកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ នៅសាលាប្រជុំរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម ហង្ស សាមឿន បានលើកឡើងថា គិតចាប់ពីឆ្នាំ២០០៤ មកទល់ពេលនេះ គឺមានរយៈពេល១៦ឆ្នាំ ដែលអង្គការអាក់សិនអេតកម្ពុជា ក្នុងនាមជាអង្គការអន្តរជាតិ មិនស្វែងរកប្រាក់ចំណេញ បានអនុវត្តនូវគោលដៅនាំមក នូវការអភិវឌ្ឍន៍យូរអង្វែងរបស់សហគមន៍ក្រីក្រនៅកម្ពុជា ជាក់ស្តែងអង្គការ «អាក់សិនអេតកម្ពុជា» និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាប់ផ្តើមនូវកិច្ចសហប្រតិបត្តិការ លើការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ តាំងពីឆ្នាំ២០០៧មកម្ល៉េះ គឺមានរយៈពេល១៣ឆ្នាំមកហើយ។

មកដល់ចំណុចនេះ ក្នុងនាមឯកឧត្តមទេសដ្ឋមន្ត្រី គន់ គីម ឯកឧត្តមសូមរំឮកអំពីសមិទ្ធផល ដែលអង្គការអាក់សិនអេត បានរួមចំណែកក្នុងវិស័យគ្រប់គ្រងគ្រោះមហន្តរាយ នៅកម្ពុជាមួយចំនួនដែលមានដូចជា៖

* គាំទ្រចំពោះ គ.ជ.គ.ម. ទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការរៀបចំព្រឹត្តការណ៍ផ្សេងៗ រួមមាន៖ វេទិកាកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ទិវាជាតិ/ទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចប្រជុំ/សិក្ខាសាលាផ្សេងៗ
* ផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ជូនដល់ថ្នាក់ក្រោមជាតិ
* បង្កើតឱ្យមានផែនការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅឃុំគោលដៅ
* ផ្តល់វគ្គបណ្តុះបណ្តាល ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅសហគមន៍
* ជួយចងក្រងផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្ននៅខេត្ត និងស្រុកគោលដៅ (ក្រចេះ ស្វាយរៀង បន្ទាយមានជ័យ កំពត)
* ធ្វើការងារយេនឌ័រ តាមរយៈការបណ្តុះបណ្តាលស្រ្តី ក្នុងជួរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ
* ជ្រើសរើសស្ត្រីឆ្នើម ក្នុងការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ចំនួន២៧រូប ក្នុងខេត្តកំពត ពោធិ៍សាត់ និងភ្នំពេញ
* ផ្តល់នូវជំនួយសង្គ្រោះបន្ទាន់ជាស្បៀង និងសម្ភារផ្សេងៗជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងការរាំងស្ងួតនៅតាមបណ្តាខេត្តមួយចំនួន

ឯកឧត្តម ហង្ស សាមឿន បានបន្តថា នៅអំឡុងបីឆ្នាំចុងក្រោយនេះ គឺឆ្នាំ២០១៧-២០១៨ និងឆ្នាំ២០១៩ អង្គការ «អាក់សិនអេត» ដែលកាលនោះស្ថិតក្រោមការដឹកនាំរបស់លោកស្រី ហ៊ុន បូរមី បានជួយគាំទ្រគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទាំងថវិកា និងបច្ចេកទេស ក្នុងការរៀបចំដោយទទួលបានជោគជ័យដ៏ត្រចះត្រចង់នូវ ‹‹កិច្ចប្រជុំសម្របសម្រួលរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការដៃគូ ដែលអនុវត្តការងារកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយនៅកម្ពុជា›› និង ‹‹សិក្ខាសាលាអន្តរវិស័យថ្នាក់ជាតិលើកដំបូង ស្តីពីការលើកកម្ពស់សុវត្ថិភាពស្ត្រី និងការបញ្ជ្រាបយ៉េនឌ័រទៅក្នុង ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្ស៊ាំការប្រែប្រួលអាកាសធាតុ››។

ស្ថិតនៅក្នុងឱកាសនោះដែរ ឯកឧត្តម ហង្ស សាមឿន សង្ឃឹមយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការ «អាក់សិនអេតកម្ពុជា» នឹងកាន់តែរឹងមាំថែមមួយកម្រិតទៀត ហើយលោកក៏សូមស្នើសុំឱ្យ លោក ហុង រស្មី ជានាយកថ្មី នៃអង្គការអាក់សិនអេតកម្ពុជា បន្តការគាំទ្រលើគ្រប់សកម្មភាពរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងថវិកា និងបច្ចេកទេស ដើម្បីជាការចូលរួមចំណែកក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា ក៏ដូចជាការកាត់បន្ថយទុក្ខលំបាករបស់ប្រជាជនដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយ។

បើតាមលោក ហុង រស្មី បានលើកឡើងថា អង្គការអាក់សិនអេត នឹងបន្តគាំទ្រ និងសហការជាមួយ គ.ជ.គ.ម. ឱ្យកាន់តែរឹងមាំ ជាពិសេស អាក់សិនអេត និងប្រឹងប្រែងជួយសម្របសម្រួលការងារជាមួយអង្គការដៃគូផ្សេងៗទៀត តាមតម្រូវការជាក់ស្តែងរបស់ គ.ជ.គ.ម.។

លោក ហុង រស្មី ក៏បានបញ្ជាក់ផងដែរថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះនឹងរួមចំណែកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង គ.ជ.គ.ម. និងអង្គការអាក់សិនអេត បានមួយកម្រិតបន្ថែមទៀត៕