ឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺ បានទទួលជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ទទួលជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីសិក្សានិងស្វែងយល់អំពីសក្ដានុពល និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តកំពង់ស្ពឺ និងស្ថានទូតសហរដ្ឋអាមេរិក
នាព្រឹកថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលប្រជុំអគារខាងត្បូង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតឲ្យឯកឧត្តម ប៉ាទ្រីក មើហ្វី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួសម និងស្វែងយល់អំពីសក្ដានុពល និងសិក្សាលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តកំពង់ស្ពឺ និងស្ថានទូតសហរដ្ឋអាមេរិក។
មានប្រសាន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះ ឯកឧត្តម ប៉ាទ្រីក មើហ្វី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកសិក្សាស្វែងយល់អំពីសក្ដានុពល និងសិក្សាលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តកំពង់ស្ពឺ និងស្ថានទូតសហរដ្ឋអាមេរិក និងបានបញ្ជាក់ជូនអំពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្ដានុពលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន ។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានថ្លែងនូវការអគុណចំពោះឯកឧត្ដមអភិបាលខេត្ត ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូឯកឧត្ដម ព្រមទាំងបានផ្ដល់ជូននូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងខេត្តកំពង់ស្ពឺ ហើយឯកឧត្ដមពិតជារីករាយណាស់ដោយបានមើលឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត ជាពិសេសរោងចក្រជាច្រើនបានផ្ដល់ការងារដល់ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ ក៏ដូចជាវិធានការយ៉ាងល្អប្រសើរដែលរដ្ឋបាលខេត្ត បានអនុវត្តក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ជាដើម៕