ក្រុមប្រឹក្សាខេត្តរតនគិរីបើកកិច្ចប្រជុំសាមញ្ញលើកទី១៥របស់ខ្លួន


រតនគិរី៖ នៅថ្ងៃ១៤កើត ខែភទ្របទ ឆ្នាំជូត​ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅខេត្តរតនគិរីបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាខេត្ត ក្រោមវត្តមានឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ជាប្រធានអង្គប្រជុំ និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ អង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្តជាច្រើនរូបទៀត។

 

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណាប់ ប៊ុនហេង មានប្រសាសន៍បានលើកឡើងពីបញ្ហាប្រឈមការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ។ បញ្ហាវិស័យអប់រំដែលកំពុងចាប់ផ្តើមដំណើរការឡើងវិញ បញ្ហាការការពារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខ និងបញ្ហាផ្សេងៗទៀត ពាក់ព័ន្ធការផ្តល់សេវាសាធារណៈ។ ក្នុងនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានសំណូមពរឱ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បន្ដពង្រឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ខិតខំបម្រើសេវាសាធារណៈ ពិនិត្យ និងដោះស្រាយរាល់បញ្ហាវិវាទនៅមូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្ត មន្ទីរ អង្គភាពនានាជុំវិញខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋា នបានទាន់ពេលវេលា ចូលរួមធ្វើឱ្យខេត្តមានការរីកចម្រើនជាបន្ដបន្ទាប់ និងសូមឱ្យមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ចូលរួមខិតខំប្រឹងប្រែងជាបន្តទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរថែមទៀត។

កិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗរួមមាន៖ -ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត។ – ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែសីហា និងលើកទិសដៅបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២០៕