សម្តេចភក្តី សាយ ឈុំ និងសម្ដេចក្រឡាហោម ស ខេង អញ្ជើញកាន់បិណ្ឌទី១ នៅស្រុកកំចាយមារ ខេត្តព្រៃវែង


សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាច្រើននាក់ បានអញ្ជើញកាន់បិណ្ឌទី១ នៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ រួមជាមួយសមាជិក ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ តាមអង្គភាពស្ថាប័នជុំវិញខេត្ត និងពុទ្ធបរិស័ទជាច្រើនទៀត បានសូត្រមន្តកាន់បិណ្ឌវេនទី១ នៅភូមិគ្រឹះសម្ដេចអគ្គមហាធម្ម ពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ។

ក្នុងឱកាសនៃពិធីកាន់បិណ្ឌទី១នេះ សម្តេច សាយ ឈុំ និងសម្ដេច ស ខេង សូមឧទ្ទិសកុសលផលបុណ្យទាំងអស់នេះដល់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មានមាតាបិតាញាត្តិការ៧សន្តាន ដែលធ្វើមរណៈកាទៅកាន់បរលោក សូមវិញ្ញាណក្ខន្ធ អស់លោកទាំងនោះយោលយោគទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយងាកបែរក្រោយឲ្យពរជ័យដល់កូនចៅទទួលបានសេចក្តីសុខសប្បាយ គ្រប់ប្រការងាររកស៊ីមានបាន ត្រជាក់ត្រជុំថ្កុំថ្កើនតរៀងទៅ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចក្រឡាហោម សូមផ្តាំផ្ញើដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់គោរពឲ្យបានម៉ឺងម៉ាត់តាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីធានាបាននូវការ ទប់ស្កាត់ការរីករាលដាលកូវីដ-១៩ កុំឲ្យឆ្លងចូលក្នុងសហគមន៍។

ជាមួយគ្នានោះ ក៏សូមឲ្យប្រជាជនគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ចៀសវាងការបើកបរមានគ្រោះថ្នាក់ជាយថាហេតុ ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនាពេលនេះ។ ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម និងលោកជំទាវ បានប្រគេនទេយ្យវត្ថុមួយចំនួនដល់ព្រះសង្ឃផងដែ និងអំណោយជូនប្រជាពុទ្ធបរិស័ទផងដែរ។

សូមបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២០នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕