លោកជំទាវ ឱ វណ្ណឌីន ជំរុញរដ្ឋបាលខេត្តកំពង់ចាម គ្រប់គ្រងនិងទប់ស្កាត់កូវីដ១៩ ឲ្យបានល្អ អំឡុងបុណ្យភ្ជុំបិណ្ឌ


(កំពង់ចាម)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញរដ្ឋបាលខេត្តកំពង់ចាម ធ្វើការគ្រប់គ្រងនិងទប់ស្កាត់ជំងឺកូវីដ១៩ ឲ្យបានល្អបំផុត អំឡុងពេលបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ។

លោកជំទាវ ឱ វណ្ណឌីន ជំរុញបែបនេះ ក្នុងឱកាសដែលោកជំទាវ និងលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា (WHO) រួមជាមួយអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្ត បានដឹកនាំកិច្ចប្រជុំ ស្តីពីវិធានការគ្រប់គ្រង និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងក្របខណ្ឌខេត្តកំពង់ចាម នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។

លោកជំទាវ ឱ វណ្ណឌីន បានផ្ដល់ការណែ នាំដល់រដ្ឋបាលខេត្តកំពង់ចាម ក្នុងឱកាសនៃពិធីនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ខខាងមុខនេះ ដោយត្រូវជំរុញអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្ត បន្តផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា និងសារាចរណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការបង្ការ និងការពារ ការឆ្លងជំងឺកូវីដ-១៩ និងស្នើឲ្យប្រជាពលរដ្ឋទូទៅដែលជាពុទ្ធសាស និកជន និងគណៈកម្មការគ្រប់វត្ត ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ទប់ស្កាត់កូវីដ-១៩ ដែលក្រសួងសុខាភិបាល បានដាក់ចេញឱ្យអនុវត្តនាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន ឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមទប់ស្កាត់ ការចម្លងជំងឺនេះចូលក្នុងសហគមន៍។

ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាន៍ថា សម្រាប់ខេត្តកំពង់ចាម បានចេញនូវបានចេញនូវសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាមរួចហើយ។ ហើយរដ្ឋបាលខេត្ត បានធ្វើការណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ឲ្យបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយនូវសារាចរ ណែនាំក្រសួងធម្មការ និងសាសនា និងសារាចរណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅគ្រប់ទីវត្តអារាមផងដែរ។

រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំមណ្ឌលចត្តាឡីស័កកម្រិត២នៅខេត្ត មានចំនួន០២កន្លែង ក្នុងនោះ៖

* ទី១៖ អតីតសណ្ឋាគារមេគង្គមានបន្ទប់ចំនួន ៧១ បន្ទប់ ដែលអាចដាក់មុខសញ្ញាចត្តាឡីស័កបានចំនួន ១៤២នាក់
* ទី២៖ អាគារអន្តេវាសិក (ជាអំណោយដ៏ថ្លៃថ្លាររបស់សម្តេចតេជោ) ក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម មានចំនួន ៤០បន្ទប់ ដែលអាចដាក់មុខសញ្ញាចត្តាឡីស័កកម្រិត២ចំនួន ១២០នាក់។

ដោយឡែកគិតត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ពលរដ្ឋដែលទើបនឹងវិលត្រឡប់មកពីបរទេស និងបានស្នាក់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ មានចំនួន ៤.២៩៦នាក់ ក្នុងនោះ បានផុតការតាមដានសុខភាព ចំនួន ៤.២១២នាក់៕