រាជរដ្ឋាភិបាលអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីមូលបត្ររដ្ឋ


(ភ្នំពេញ)៖ «សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តទាំងស្រុងហើយ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ។

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា «សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ» នេះ ត្រូវបានអនុម័ត ដោយកែសម្រួលពាក្យពេចន៍មួយចំនួន។

ឯកឧត្តម ផៃ ស៊ីផាន បានគូសបញ្ជាក់ថា មូលបត្ររដ្ឋ គឺជាឧបករណ៍ហិរញ្ញវត្ថុសំខាន់មួយសម្រាប់បម្រើឱ្យរាជរដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទានទាំងក្នុងស្រុក និងក្រៅស្រុក ពីវិស័យឯកជនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ឯកឧត្តម ផៃ ស៊ីផាន បានបន្ថែមថា ច្បាប់ស្តីពីមូលបត្ររដ្ឋ មានគោលបំណងផ្តល់នូវក្របខណ្ឌរួមសម្រាប់គ្រប់គ្រងការបោះផ្សាយការជួញដូរ និងការគ្រប់គ្រងមូលបត្ររដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាព ព្រមទាំងធានាបាននូវចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈសំដៅរួមចំណែកពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល, ឆ្លើយតបទៅនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម, អភិវឌ្ឍទីផ្សារមូលបត្រ និងទីផ្សារហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងគាំទ្រគម្រោងអាទិភាព និងចាំបាច់ផ្សេងទៀត។

ច្បាប់ស្តីពីមូលបត្ររដ្ឋនេះ មានវិសាលភាពអនុវត្តចំពោះការបោះផ្សាយ ការជួញដូរ និងការគ្រប់គ្រងមូលបត្ររដ្ឋ ដែលបោះផ្សាយទាំងក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា។ ការបោះផ្សាយមូលបត្ររដ្ឋជាសិទ្ធិអំណាចផ្តាច់មុខរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្រោមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០០៨។

បើតាមឯកឧត្តម ផៃ ស៊ីផាន ការចាប់ផ្តើមសាកល្បងបោះផ្សាយមូលបត្ររដ្ឋ ដើម្បីកៀរគរទុនពីផ្សារមូលបត្រក្នុង និងក្រៅប្រទេស មកបំពេញសេចក្តីត្រូវការធនធាន និងហិរញ្ញប្បទានដែលកើនឡើងជាងរៀងរាល់ថ្ងៃនេះ ជាកាលានុវត្តភាព និងអាទិភាពថ្មីសម្រាប់កម្ពុជា ក្នុងការរួមទប់ស្កាត់ផលប៉ះពាល់ជាយថាហេតុលើស្ថានភាពបំណុលសាធារណៈ និងជាគោលដៅនៃការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទាន សម្របទៅតាមភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងសម្លឹងឆ្ពោះទៅរកការប្រែក្លាយពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប (Lower-middle income economy) ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ (Upper-middle income economy)នាពេលខាងមុខ។

ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា សេចក្តីព្រាងច្បាប់មូលបត្ររដ្ឋនេះ ជាមូលដ្ឋានគតិយុត្តគ្រប់ជ្រុងជ្រោយមួយ និងស្របតាមតម្រូវការនៃតថភាពជាក់ស្ដែង ក៏ដូចជាបទប្បញ្ញត្តិពាក់ព័ន្ធដែលមានជាធរមាន សម្រាប់អនុញ្ញាតប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុជាមូលបត្ររដ្ឋនេះ ក្នុងការកៀរគរហិរញ្ញប្បទានបន្ថែមពីវិស័យឯកជន ដើម្បីពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់ ឆ្លើយតបបានទៅនឹងតម្រូវការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលបត្រ និងទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា៕