សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ អញ្ជើញកាន់បិណ្ឌទី៤ នៅវត្តលង្កាព្រះកុសុមារាម


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទជាច្រើនរូបទៀត បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យមួយចំនួន ចូលរួមពិធីកាន់បិណ្ឌទី៤ នៅវត្ដលង្កាព្រះកុសុមារាម ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ពិធីដាក់បិណ្ឌដែលប្រព្រឹត្ដទៅនៅថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ហ៊ុន សែន បាននាំយកចង្ហាន់ ទេយ្យវត្ថុ និងទេយ្យទានមួយចំនួនទៀតរួមមាន៖

*ទេយ្យវត្ថុចំនួន១៤មុខ៖ អង្គរ, មីយើង, ត្រីខ, ស្ករស, តែ, ទឹកដោះគោខាប់, មៀនកំប៉ុង, អូវ៉ាន់ទីន, ទឹកក្រូច, ទឹកបរិសុទ្ធ, ត្រីងៀត, សាច់ក្រក, អាល់កុល, ម៉ាសពាក់មុខ

*ទេយ្យទានប្រគេនព្រះសង្ឃចំនួន១៧០អង្គ៖ ក្នុងមួយវត្តៗទទួលបាន ទេយ្យវត្ថុ១កញ្ចប់ និងបច្ច័យ៥ម៉ឺនរៀល

*ជូនយាយជីតាជី ចំនួន ១៥០នាក់៖ ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងបច្ច័យ៥ម៉ឺនរៀល

*បច្ច័យកាន់បិណ្ឌ ចំនួន ៥លានរៀល និងបច្ច័យរៀបចំចង្ហាន់ប្រគេនព្រះសង្ឃមួយចំនួនទៀត ។

ដោយឡែកបច្ច័យចូលរួមពីពុទ្ធបរិស័ទ ក្នុងឱកាសនោះ មានចំនួន ១៨,៥៧០,០០០រៀល និង ៦,២២០ដុល្លារផងដែរ។

ពិធីដាក់បិណ្ឌនេះ ក៏បានធ្វើឡើងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនអ្នកឧញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើត ជាមាតាក្មេក និងជាជីដូន រួមទាំងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនាខ្មែរ។

ក្នុងឱកាស សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប សម្ដេចក្ដុកក្ដួលស្រក់ទឹកភ្នែក ដោយនឹករលឹកដល់មាតាលោកជាពន់ពេក នឹកគ្រាដែលថ្នាក់ថ្នមបីបាច់ថ្នាក់ថ្នមថែរក្សារវាងកូននឹងម្ដាយ ការសន្ដោសប្រណីប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រឡាញ់ស្មើជីវិត។

អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ក៏ជាការបាត់បង់ដ៏ធំធេងនូវពុទ្ធសាសនិកមួយរូប ពោរពេញដោយសេចក្ដីបរិសុទ្ធក្នុងព្រះធម្ម ដែលបានបរិច្ចាគនូវទ្រព្យ និងកម្លាំងកាយចិត្ត ប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត ក្នុងការងារមនុស្សធម៌ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា តាមរយៈរួមចំណែកកសាងសមិទ្ធផលជាច្រើនតម្កល់ជាឧត្តមប្រយោជន៍សម្រាប់ព្រះពុទ្ធសាសនា។

សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។

ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២០នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕