សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តឧប្បលវតី (ហៅវត្តឈូក)


បន្ទាប់ពីបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវតីរួចមក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តឧប្បលវតី (ហៅវត្តឈូក) ស្ថិតក្នុងឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០។

កុសលផលបុណ្យដែលបានកើតឡើងពីសទ្ធាជ្រះថ្លា ក្នុងឱកាពិធីបុណ្យកាន់បិណ្ឌវេនទី៦នេះ សម្តេច និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ទីប្រឹក្សា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្ត បានឧទ្ទិសកុសលផលបុណ្យទាំងនេះ ជូនចំពោះញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជន ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ដែលបានទទួលមរណកាលទៅកាន់លោកខាងមុខទៅហើយនោះ សូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏សំខាន់មួយ ដែលប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដោយចែកចេញជាពីរថ្នាក់ ក្នុងនោះចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ និងថ្ងៃ១៥រោច គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌតែម្តង៕