លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ រួមជាមួយ ឧកញ៉ា ភរិយាថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីរាជការក្រោមឱវាទ និងក្រុមគ្រួសារ បានអញ្ជើញចូលរួមពិធីរាប់បាត្រ ដាឆ្លងបុណ្យកាន់បិណ្ឌវេណទី៦ និងបាននាំយកទេយ្យវត្ថុ និងថវិកាទៅប្រគេនដល់ព្រះសង្ឃ នៅវត្តចំនួន ៥ គឺ វត្តមុន្នីប្រសិទ្ធិវង្ស វត្តអង្គសិរីសួស្តី វត្តច័ន្ទបុរីវង្ស វត្តសុវណ្ណវារី និងវត្តមហានន្ទិយនេរញ្ចរារាមនិវេទ ឬ(វត្តព្រែកប្រាំង) ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ នៃខេត្តកណ្តាល និងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។
ពិធីប្រារព្ធកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជា កាលបរិច្ឆេទ ដែល សន្មត ទុក ថា ជា ថ្ងៃ បុ ណ្ឌ ភ្ជុំបិណ្ឌ ។ នៅ ថ្ងៃនោះមហាជន ប្រុស ស្រី ក្មេង ចាស់ នៅ ទូ ទាំង ប្រទេស កម្ពុជា នាំ គ្នា ទៅ ធ្វើបុណ្យ នៅ វត្ត ដោយ មាន ទឹកមុខ រីករាយ ស្រស់ស្រាយ ពោរពេញទៅដោយជំនឿជឿជាក់ចំពោះព្រះពុទ្ធសាសនា ជឿបុណ្យជឿបាបជឿកម្មផល ។ ទាំងអស់គ្នាសុទ្ធតែមាន សម្លៀក បំពាក់ល្អៗថ្មីៗយ៉ាងប្រណីត ។ ថ្ងៃនេះនៅគ្រប់វត្ត ទូទាំងប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូលមីរ គ្រឹក គគ្រេង ធ្វើឱ្យ បរិយាកាស នៅក្នុង វត្តមានភាពឱឡារិកអធិកអធមក្រៃលែងសំឡេង ភ្លេងពិណពាទ្យ ឬ ភ្លេង ប្រពៃណី បានបន្លឺរងំរណ្តំពីរោះត្រជាក់ដល់សោតិន្ទ្រិយារ ម្មណ៍ និង គួរឱ្យរំភើបរីករាយពន់ប្រមាណ ។
កម្មវិធីសំខាន់បំផុតនា ថ្ងៃនេះគឺ វេរប្រគេនយាគូ ឬ ចង្ហាន់ ព្រឹក ចង្ហាន់ ថ្ងៃត្រង់ ចំពោះព្រះសង្ឃ ទន្ទឹម នឹង ពិធីរាប់បាតជាទ្រង់ទ្រាយធំ ។ ព្រះសង្ឃ ស្វាធ្យាយធម៌ បង្សុកូល ឧទ្ទិសកុសលមគ្គផលចំពោះ វិញ្ញាណក្ខន្ធ អតីតបុព្វបុរស ជីដូន ជីតា ញាតិការ ទាំងប្រាំពីរសន្តាននិង សូម ប្រសិទ្ធពរ ស័ព្ទសាធុការ សុខ ចម្រើន មកកូនចៅ ឯក្រោយ វិញ ។
លោកជំទាវ កិត្តិសង្គហបណ្ឌិត ក៏បានបួងសួង បួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។
ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានអំពាវនាវឲ្យប្រជាពុទ្ឋបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៏កាចសាហាវមួយនេះ៕