ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភាកម្ពុជា ដឹកនាំគណៈប្រតិភូអញ្ជើញជួបពិភក្សាការងារជាមួយ រដ្ឋបាលខេត្តតាកែវ


ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូ អញ្ជើញជួបសំណេះសំណាលពិភាក្សាការងារជាមួយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងលោកអភិបាលក្រុង ស្រុក ទាំងអស់ ដែលកិច្ចប្រជុំនេះបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវ។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏ដូចជារបាយការណ៍ស្វាគមន៍របស់ មន្ទីរអង្គភាពពាក់ព័ន្ធរួចមក ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា ក៏បានធ្វើការកោតសរសើរ ចំពោះអំពីលទ្ធផលដែលអនុវត្តបានរបស់អាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរ ស្ថាប័នពាក់ព័ន្ធ អំពីច្បាប់គ្រប់គ្រងរដ្ឋបាល លើការខិតខំអនុវត្តនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ និងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព បានដំណើរការទៅដោយរលូន ព្រមទាំងបានផ្តល់នូវអនុសាសន៍ល្អៗ មួយចំនួនដល់អាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ដើមី្បធ្វើការអនុវត្ត និងកែលម្អនូវ ចំណុចសេសសល់មួយចំនួនផងដែរ៕