ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងថ្នាក់ដឹកនាំក្រសួងកសិកម្ម ចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តមង្គលសិរីកៀនឃ្លាំង និងណែនាំឲ្យប្រុងប្រយ័ត្នចំពោះកូវីដ-១៩


(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកស្រី ម៉ក់ ស៊ីថា ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការក្រោមឱវាទជាច្រើនរូប នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានមូលមតិគ្នាជាឯកច្ឆន្ទ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តមង្គលសិរីកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ បានប្រណិប័តន៍តាមប្រពៃណីទំនៀមទម្លាប់ ប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិទាំង៧សន្តាន ឧបការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិ ដែលបានលះបង់ជីវិតដើម្បីជាតិ មានតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខ ក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ។

ឯកឧត្តមរដ្ឋមន្រ្តី  វេង សាខុន បានបួងសួងទេវតាសុំសេចក្តីសុខ សេចក្តីចម្រើន ជូនសម្តេចទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងជនរួមជាតិ ទាំងនៅទីជិតទីឆ្ងាយ ឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ និងជាពិសេសអនុវត្ត ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់ក្រសួងសុខាភិបាលអំពីវិធានការ ការពារជំងឺឆ្លងកូវីដ-១៩។

ចំពោះពិធីកាន់បិណ្ឌថ្ងៃនេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន សូមឲ្យថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការក្រោមឱវាទគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទទាំងអស់ ទទួលយកពរសព្វសាធុការផល្លានិសង្ឃផលបុណ្យរៀងៗខ្លួន។

បច្ច័យទេយ្យវត្ថុ និងទេយ្យទានជាច្រើន បាននាំយកមកប្រគេនព្រះចៅអធិការ ព្រមទាំងព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តមង្គលសិរីកៀនឃ្លាំង៕