ក្រសួងទេសចរណ៍ បានដាក់ចេញប្រការគួរធ្វើ និងមិនគួរធ្វើចំនួន៨ ក្នុងការធ្វើដំណើរកំឡុងពេលមាន COVID-19 នៅកម្ពុជា


(ភ្នំពេញ)៖ ដើម្បីអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ក្រសួងទេសចរណ៍បានដាក់ចេញនូវ «ប្រការគួរធ្វើ និងមិនគួរធ្វើ» ចំនួន ៨ប្រការ ក្នុងការធ្វើដំណើរកំឡុងពេលជំងឺឆ្លង COVID-19 ក្នុងប្រទេសកម្ពុជា។

ភ្ញៀវទេសចរអន្ដរជាតិធ្វើដំណើរមកកម្ពុជា ត្រូវគោរពតាមដំបូន្មាន ៨យ៉ាង ដូចខាងក្រោម៖

១. អនុវត្តន៍តាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា៖ ត្រូវគោរពតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច ប្រសិនបើអ្នកត្រឡប់មកពីតំបន់ដែលមានឆ្លងជំងឺ ហើយសូមពិនិត្យមើលដំបូន្មានរបស់រាជរដ្ឋាភិបាលអំពីចំណាត់ការពេលអ្នកមកដល់។

២. ស្វះស្វែងរកដំបូន្មានខាងវេជ្ជសាស្រ្ដ៖ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួន សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញដោយអាចទំនាក់ទំនងទូរស័ព្ទលេខ ១១៥។

៣. ត្រូវមានធានារ៉ាប់រង៖ ត្រូវធានាថាអ្នកមានធានារ៉ាប់រងគ្រប់គ្រាន់ លើការធ្វើដំណើរមកកាន់កម្ពុជាក្នុងអំឡុងពេលនៃការរីករាលដាលជំងឺឆ្លង COVID-19។

៤. កុំរើសអើង៖ ខណៈពេលលោកអ្នកព្រួយបារម្ភអំពីសុខភាព កំឡុងពេលនៃការរីករាលដាលជំងឺឆ្លង COVID-19 លោកអ្នកមិនត្រូវរើសអើងជាតិសាសន៍ ជាពិសេសជាមួយភ្ញៀវទេសចរ និងក្រុមមនុស្សដែលមកពីតំបន់ដែលមានការឆ្លងជំងឺ។

៥. លាងដៃរបស់អ្នក៖ អនាម័យល្អជាចំណុចសំខាន់បំផុតក្នុងកិច្ចការពារ។ ដូច្នេះត្រូវប្រាកដថា អ្នកបានលាងដៃជាប់ជាប្រចាំដោយប្រើសាប៊ូ និងទឹក ឬអាល់កុល ជែល សម្រាប់លាងដៃ។ កុំភ្លេចខ្ទប់មាត់ និងច្រមុះជាមួយក្រដាសអនាម័យ ឬដៃអាវរបស់អ្នកផង នៅពេលអ្នកក្អក ឬកណ្ដាស់។

៦. ចែករំលែកបទពិសោធន៍វិជ្ជមាន៖ ប្រើបណ្ដាញសង្គម ដើម្បីចែករំលែករឿងរ៉ាវធ្វើដំណើរជាវិជ្ជមាននានារបស់អ្នក។

៧. ធ្វើចិត្តឱ្យស្ងប់៖ ប្រកាន់ស្មារតីប្រុងប្រយ័ត្ន ប៉ុន្ដែកុំភ័យស្លន់ស្លោ និងត្រូវពាក់ម៉ាស់ក្នុងដំណើរកម្សាន្ដរបស់លោកអ្នកនៅទីកន្លែងសាធារណៈ ឬមានការប្រមូលផ្ដុំ។

៨. មេត្តាកុំលុបចោលការធ្វើដំណើរមកកម្ពុជា៖ លោកអ្នកអាចពិចារណាក្នុងការពន្យារ ឬផ្លាស់ប្ដូរគោលដៅមកកម្ពុជាបាន។ មានក្រុមហ៊ុនអាកាសចរណ៍ និងសណ្ឋាគារជាច្រើនកំពុងលើកលែងកម្រៃដូរសំបុត្រ និងការកក់ ដោយកំពុងផ្ដល់ជូននូវគោលនយោបាយកក់ឡើងវិញតាមការចង់បានរបស់លោកអ្នក៕