ឯកឧត្តមទេរដ្ឋមន្ត្រី លី ធុជ ដឹកនាំតំណាងប្រទេសម្ចាស់ជំនួយនៃគម្រោងបោសម្អាតមីនដើម្បីលទ្ធផល​ដំណាក់កាល​ទី​៤


ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្តមទេរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដឹកនាំតំណាងប្រទេសម្ចាស់ជំនួយនៃគម្រោងបោសម្អាតមីនដើម្បីលទ្ធផល​ដំណាក់កាល​ទី​៤ (CFR4) រួមមាន អូស្ត្រាលី កូរ៉េខាងត្បូង អង្គការ UNDP និងមានការចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ព្រំ សុភមង្គល​ អគ្គលេខាធិការអាជ្ញាធរមីន និងឯកឧត្តម ហេង រតនា អគ្គនាយក CMAC ដើម្បីពិនិត្យកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់ CMAC នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយជ័យ ក្នុងគោលបំណងបង្ហាញពីសកម្មភាពបោសសម្អាតមីន រួមចំណែកក្នុងការគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍ និងជួបសំណេះសំណាលជាមួយអ្នកទទួលផលពីដីបោសសម្អាតមីនរួច។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក្នុងនាមសម្តេចតេជោដែលជាប្រធានអាជ្ញាធរមីន សូមថ្លែងនូវអំណរគុណចំពោះម្ចាស់ជំនួយ និងប្រទេសជាមិត្តទាំងអស់ ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ​ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់វិស័យសកម្មភាពមីន។
គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ មានការគាំទ្រថវិកាពី ប្រទេសអូស្រ្តាលី ប្រទេសណូវែលសេឡង់ សាធារណរដ្ឋកូរ៉េ និងអង្គការ UNDP ដោយផ្តោតសំខាន់ទៅលើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គាំទ្រកិច្ចសង្គ្រោះជនពិការ ការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន ការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន និងការពង្រឹងសមត្ថភាពថ្នាក់ជាតិ​ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រេចឲ្យបានតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ ២០១៨-២០២៥៕