រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Panasonic Asia Pacific Pte.Ltd (PACB) នៅថ្ងៃនេះ បានប្រកាសអំពីកិច្ចសហការគ្នា ដើម្បីអភិវឌ្ឍន៍ឱ្យប្រសើរឡើងនូវការសិក្សាតាមអេឡិចត្រូនិក ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ក្នុងឱកាសនេះផងដែរ ក្រុមហ៊ុន ក៏បានឧបត្ថម្ភម៉ាស៊ីនត្រជាក់ចំនួន១០គ្រឿងជូនក្រសួងអប់រំ យុវជន និងកីឡា សម្រាប់បំពាក់នៅក្នុងបន្ទប់ថតពហុផ្សព្វផ្សាយដើម្បីផ្ដល់បរិយាកាសអំណោយផលដល់ការផលិតវីដេអូមេរៀន ដែលទឹកចិត្តដ៏ថ្លៃថ្លានេះ ជាការគាំទ្រដល់ការផលិតមាតិកាអប់រំអេឡិចត្រូនិក សម្រាប់ការអប់រំបែបឌីជីថល។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងតំណាងក្រុមហ៊ុន Panasonic ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។ ក្នុងឱកាសនោះលោកជំទាវ បានថ្លែងអំណរចំពោះការចូលរួមរបស់ក្រុមហ៊ុន ដែលបានផ្ដល់ជូនជាម៉ាស៊ីនត្រជាក់ ដើម្បីដំណើរការថតវីដេអូ គាំទ្រដល់ការអប់រំបែបអេឡិចត្រូនិក អាចដំណើរការប្រកបដោយផាសុខភាព និងផលិតភាព។
លោកជំទាវក៏បានកោតសរសើរចំពោះការចូលរួមរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា តាមរយៈការផ្ដល់អាហារូបករណ៍ដល់និស្សិតដែលសិក្សានៅសាកលវិទ្យាល័យ ព្រមទាំងផ្ទាំងសូឡា ដើម្បីផ្ដល់អំណោយផលដល់សិស្ស ធានាបានថាពួកគេនៅតែអាចសិក្សាបាន ទោះបីជាស្ថិតក្នុងតំបន់គ្មានអគ្គិសនីក្ដី។ លោកជំទាវបានស្នើក្រុមហ៊ុន ធ្វើយ៉ាងណាបន្តគាំទ្រវិស័យក្រសួងអប់រំ យុវជន និងកីឡាជាបន្តទៀត។
សូមជម្រាបថា នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន Panasonic ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានធ្វើកិច្ចសហការប្រតិបត្តិការរួមគ្នាដើម្បីគាំទ្រដល់ការផលិតមាតិកាអប់រំ ដែលជាចំណែកមួយនៃការលើកកម្ពស់ការអប់រំបែបឌីជីថលនៅកម្ពុជា៕
០៩ កញ្ញា ២០២០ | ទីស្ដីការក្រសួងអប់រំ
ក្រសួងអប់រំ និងក្រុមហ៊ុន Panasonic ប្រកាសធ្វើកិច្ចសហការគ្នា ដើម្បីគាំទ្រការសិក្សាតាមអេឡិចត្រូនិកនៅកម្ពុជា
