សម្តេច ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមបិទមហាសន្និបាតអន្តរសភា អាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ


(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ និងពិធីបិទមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។

នេះជាប្រវត្តិសាស្រ្តដែលមហាសន្និបាត AIPA បានរៀបចំធ្វើតាមប្រព័ន្ធវីដេអូ ក្នុងខណៈប្រទេសវៀតណាមធ្វើជាម្ចាស់ ដោយសារការរាតត្បាតនៃជំងឺរាតត្បាតកូវីដ១៩។ ទោះបីជាជួបនឹងវិបត្តិជំងឺកូវីដ១៩ ក៏មិនអាចធ្វើឲ្យតំណាងប្រជាពលរដ្ឋ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះខកខានក្នុងការជួបប្រជុំគ្នាជាប្រចំាឆ្នាំនោះឡើយ។ អាយប៉ាដែលមានរដ្ឋសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ រួមគ្នាពុះពារជម្នះរាល់ឧបសគ្គដើម្បីរៀបចំមហាសន្និបាត តាមប្រព័ន្ធវីដេអូ ដោយបានប្រព្រឹត្តិទៅដោយរលូន នៅក្នុងរយៈពេលបីថ្ងៃមកនេះ។

ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា មហាសន្និបាតអាយប៉ា បានរៀបចំកិច្ចប្រជុំពេញអង្គចំនួនពីរលើក និងកិច្ចប្រជុំរបស់គណៈកម្មាធិការជំនាញរបស់ខ្លួន រួមមាន គណៈកម្មាធិការសមាជិកសភាស្រ្តី (WAIPA) គណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការរៀបចំ និងកិច្ចប្រជុំមិនផ្លូវការរបស់សមាជិកសភាវ័យក្មេងអាយប៉ា។ គណៈប្រតិភូចូលរួមបានផ្លាស់ប្តូរទស្សនៈយោបល់គ្នាលើសេចក្តីសម្រេច ដើម្បីជាធាតុចូល ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ ដូចជាការទប់ស្កាត់ជំងឺកូវីដ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនេះបញ្ចប់ទៅ។

អង្គមហាសន្និបាតមានសេចក្តីព្រាងសេចក្តីសម្រេចសំខាន់ៗមួយចំនួនត្រូវបានពិភាក្សា និងអនុម័ត ដូចជា សេចក្តីសម្រេចស្តីពី «តួនាទីរបស់សមាជិកសភាជាស្រ្តីក្នុងការធានាការងារ និងប្រាក់ ចំណូលដល់កម្មករ និយោជិតជាស្រ្តី» សេចក្តីសម្រេចស្តីពី «ការចូលរួមរបស់សមាជិកសភាវ័យក្មេងអាយប៉ាក្នុងការកសាងសហគមន៍អាស៊ាន» សេចក្តីសម្រេចស្តីពី «តួនាទីសភាក្នុងការជំរុញភាពស្អិតរមួត និងការងើបឡើងវិញនៃសេដ្ឋកិច្ចអាស៊ាននៅក្នុងដំណាក់កាលក្រោយកូវីដ-១៩» ជាដើម។

មហាសន្និបាតលើកទី៤១ ឈរលើស្មារតីចែករំលែក កិច្ចហប្រត្តិបត្តិការមិនអាចខ្វះបានរវាងអាយប៉ា និងអាស៊ាន ដោយធ្វើយ៉ាងណាឲ្យចក្ខុវិស័យរបស់អាស៊ានឆ្នាំ២០២៥ សម្រេចទៅដោយជោគជ័យ។

អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។ អង្គការសភាមួយនេះ ជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។

មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកផ្លាស់វេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះប្រទេសតាមអក្សរឡាតាំង។ មហាសន្និបាតលើកទី៤២ នឹងធ្វើនៅប្រទេសប៊្រុយណេ នៅក្នុងឆ្នាំ២០២១។

មុននឹងបិទបញ្ចប់មហាសន្និបាតលើកទី៤១នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំប្រតិភូប្រទេសជាសមាជិកទំាងអស់ បានចុះហត្ថលេខាលើរបាយការណ៌រួម (Joint Communique) ស្តីពីលទ្ធផលមហាសន្និបាតលើកទី៤១ ដោយភាពស្និទ្ធស្នាលជាទីបំផុត ទោះបីជាពិធីនេះ បានរៀបចំធ្វើតាមប្រព័ន្ធវីដេអូ ក្តី៕