ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូនអញ្ជើញ ចូលរួមពិធីកាន់បិណ្ឌទី១១ និងបាននាំយកបច្ច័យចំនួន ៤៥.០០០.០០០ រៀលប្រគេនព្រះសង្ឃ នៅវត្តបទុមវតី


ភ្នំពេញ៖ ថ្ងៃសៅរ៍-អាទិត្យ ១០-១១រោច ខែភទ្របទ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១២-១៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានដឹកនាំមន្ត្រីរាជការក្រសួងអញ្ជើញចូលរួមពិធីកាន់បិណ្ឌទី១១ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការក្រោមឱវាទក្រសួង ពុទ្ធបរិស័ទ ចំណុះជើងវត្តជិតឆ្ងាយ។
ជាកិច្ចចាប់ផ្តើមនៃកម្មវិធីនៅរសៀលថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ មានការនិមន្តព្រះសង្ឃសូត្រមន្ត និងសម្ដែងធម៌ទេសនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចព្រះសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាចៅអធិការវត្តបទុមវតីរាជវរារាម លុះព្រឹកឡើងនៅថ្ងៃអាទិត្យ ១១ រោច ខែភទ្របទ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ មានការបោះបាយបិណ្ឌ រាប់បាត្រ បង្សុកូល វេរភត្ថាហារប្រគេនចង្ហាន់ព្រះសង្ឃចំនួន២៨៣អង្គ និងពហូទេវាដាឆ្លង ដើម្បីឧទ្ទិសកុសលផលបុណ្យ និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនកើតមានដល់ក្រុមគ្រួសារមន្ត្រី រាជការក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រទេសផងដែរ។
ពិធីនេះបានប្រព្រឹត្តទៅស្របពេលដែលប្រជាពលរដ្ឋជាពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជាកំពុងចូលរួមសប្បាយរីករាយប្រកបដោយសទ្ធាជ្រះថ្លាក្នុងការនាំយកទេយ្យទាននិងគ្រឿងឧបភោគបរិភោគទៅ ប្រគេនព្រះសង្ឃនៅគ្រប់ទីអារាមទូទាំងប្រទេសដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូន ជីតា បុព្វការីជន ញាតិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់បរលោក។
ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បាននាំយកទេយ្យវត្ថុដែលរួមមាន៖ ទឹកក្រូច ត្រីខ អង្ករ មីជាតិ ទឹកផ្លែឈើ នំអន្សម ទឹកដោះគោ ទឹកសុទ្ធជាដើម និងបច្ច័យចំនួន ៤៥.០០០.០០០ រៀល ប្រគេនព្រះសង្ឃផងដែរ។
គួរកត់សម្គាល់ថា៖ នេះជាការបង្ហាញនូវការរីកចម្រើនរបស់ប្រទេសជាតិទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលដៃម្ខាងកសាង និងការពារប្រទេស ដៃម្ខាងទៀតស្វែងរកសុខសន្តិភាពជូនប្រទេសជាតិតាមរយៈកិច្ចចចារសន្តិភាព បង្រួមបង្រួមជាតិ ដោយរួមគ្នាជាមួយប្រជាពលរដ្ឋកសាងបានមកវិញនូវផ្លូវថ្នល់ ស្ពានសាលា រៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសង្គមប្រកបដោយភាពរីកចម្រើនទៅមុខលើគ្រប់វិស័យ៕