ឯកឧត្តម ណុប រ័ត្ននិមល បានដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកកណ្តាលស្ទឹង ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកសំភារ: ថវិកាមួយចំនួន ផ្តល់ជូនអតីតយុទ្ធជន យោធិនពិការ និវត្តជន និងគ្រួសារអតីតយុទ្ធជនពលី


ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារយុវជនគណបក្ស ចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង  ឯកឧត្តម ណុប រ័ត្ននិមល ប្រធានក្រុមការងារគណបក្សចុះជួយយុវជនស្រុកកណ្តាលស្ទឹង បានដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកកណ្តាលស្ទឹង និងមានការចូលរួមពីលោក អ៊ូច សៅវឿន អភិបាល នៃគណ:អភិបាលស្រុកកណ្តាលស្ទឹង បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកសំភារ: ថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនអតីតយុទ្ធជន យោធិនពិការ និវត្តជន និងគ្រួសារអតីតយុទ្ធជនពលី ចំនួន ១២៩គ្រួសារ ដែលអញ្ជើញមកពីឃុំចំនួន៣ គឺឃុំបារគូ ៣៥គ្រួសារ , ឃុំអន្លង់រមៀត ៥៤គ្រួសារ និងឃុំគោកត្រប់ ៤០គ្រួសារ នៅសាលាស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃអាទិត្យ៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ។

ឯកឧត្តម បានថ្លែងអំណរគុណ និងរំឭកឡើងវិញនូវគុណូបការគុណដ៏វិសេសវិសាលរបស់អ៊ុំ ពូ មីង ដែលបានលះបង់កម្លាំងកាយ.ចិត្ត និងបូជាសាច់ស្រស់ ឈាមស្រស់ រួមចំណែកក្នុងបុព្វហេតុ រំដោះជាតិ ការពារនិងស្តាកសាងជាតិ ពីបាតដៃទទេរហូតបានរីកចំរើនរឹងមាំជឿនលឿនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត នៃមគ្គុទេសក៍ឯក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពសព្វថ្ងៃ ។

ឯកឧត្តម បានអំពាវនាវបន្ថែមដល់អ៊ុំ ពូ មីង និងបងប្អូនយើងទាំងអស់ត្រូវចូលរួមក្នុងកិច្ចការពារថែរក្សាសុខសន្តិភាពដែលកំពុងមានឲ្យបានស្ថិតស្ថេរគង់វង្ស និងចូលរួមបង្ការ ការពារ ទប់ស្កាត់ការរីករាលដាលជម្ងឺ Covid-19 ដែលកំពុងយាយីរាតត្បាតជាសកលសព្វថ្ងៃ ។

អ៊ុំ ពូ មីង និវត្តជនបានសម្តែងនូវការដឹងគុណ និងចាត់ទុកសម្តេចតេជោហ៊ុន សែន ជាវីរបុរសនាំមកសុខសន្តិភាពលេញជូនជាតិមាតុភូមិមិនអាចខ្វះបាន ជាពិសេសសម្តេចតែងតែយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ពួកគាត់។

ក្នុងនាមយុវជនជំនាន់ក្រោយ ឯកឧត្តម ក៏បានប្តេជ្ញាចិត្តរៀនសូត្រនូវគំរូវីរភាពដ៏ល្អប្រពៃនេះ ដើម្បីបន្តវេនចូលរួមយ៉ាងសកម្មក្នុងការថែរក្សាការពារសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសឈានទៅរកភាពរីកចំរើនជឿនលឿន ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕