គណៈកម្មការអន្ដរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ នឹងដាក់សំណើជូនសម្ដេចតេជោ អនុញ្ញាតឱ្យចូលទស្សនាឡើងវិញក្នុងការប្រកួតបាល់ទាត់


(ភ្នំពេញ)៖ គណៈកម្មការអន្ដរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ជាប្រធាន នឹងលើកជាជម្រើស ដើម្បីដាក់សំណើសុំគោលការណ៍ អនុញ្ញាត ឱ្យទស្សនិកជនចូលទស្សនាការប្រកួត ដោយកំណត់ចំនួនពាក់កណ្ដាលនៃចំនួនអង្គុយសរុបក្នុងពហុកីឡដ្ឋាន នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២០ គោរពជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ការដាក់សំណើស្នើសុំនេះ បានធ្វើឡើងបន្ទាប់ពីបានបើកកិច្ចប្រជុំពិភាក្សា គណៈកម្មការអន្ដរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគណៈកម្មការប្រកួតបាល់ទាត់ ជាតិកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ នាទីស្ដីការក្រសួងសុខាភិបាល។

កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា ឯកឧត្តម មាន ចាន់យ៉ា ដា អភិបាលរងរាជធានីភ្នំពេញ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅតែឈរលើជំហរស្ដង់ដារមួយយ៉ាងច្បាស់លាស់ ដើម្បីដាក់ចេញនូវវិធានការសមស្របនឹងកាលៈទេសៈ ក្នុងការគ្រប់គ្រងឱ្យបាននូវ ការចម្លងជំងឺកូវីដ១៩។

ជាពិសេស ក្នុងអង្គប្រជុំបានយកចិត្ដទុកដាក់ខ្ពស់ទៅកិច្ចការពារ ក៏ដូចជាពិភាក្សាយ៉ាងម៉ត់ចត់ជាទីបំផុត ទៅលើវិធានការនៃការទប់ស្កាត់ ដើម្បីកុំឱ្យមានការឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមទស្សនិកជនចូលរួមទស្សនាបាល់ទាត់ ។

ជាងនេះទៅទៀត ក៏មានការកំណត់ចំនួនអ្នកចូលទស្សនា រួមទាំងអត្ដសញ្ញាណច្បាស់លាស់ និងនៅតែបន្ដគោរពឱ្យភ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាល ដើម្បីកាន់បន្ថយឱ្យបានជាអតិបរមានូវហានិភ័យនៃការចម្លងជំងឺកូវីដ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន។

គួររម្លឹកថា ការប្រកួតបាល់ទាត់នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ ត្រូ វបានអនុញ្ញាត និងចាប់ផ្តើមឡើងវិញ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ តែត្រូវតម្រូវឱ្យគោរពទៅតាមវិធានរបស់ក្រសួងសុខាភិបាល ក្នុងការរៀបចំការប្រកួតដល់ក្លិបបាល់ទាត់ និងមិនអនុញ្ញាតឱ្យមានអ្នកចូលទស្សនាដោយផ្ទាល់នោះទេ។

ប៉ុន្ដែដោយយោងតាមស្ថានភាពធូរស្បើយនៃជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាលបានយ៉ាងម៉ឺងម៉ាត់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានសម្រេចស្នើសុំឱ្យការប្រកួតបាល់ទាត់ អាចផ្ដល់ឱកាសដល់ទស្សនិកជនអ្នកស្នេហាវិស័យកីឡាបាល់ទាត់ បានចូលរួមទស្សនាការប្រកួតឡើងវិញ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃខាងមុខនេះ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប ២៧៥នាក់ (ស្រី ៥៤នាក់ និងបុរស ២២១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៧៤នាក់ (ស្រី៥៤នាក់ និងបុរស២២០នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន០១នាក់៕