រដ្ឋមន្ដ្រីកសិកម្ម ប្រាប់អនុប្រធានអង្គការ JICA ប្រចាំនៅកម្ពុជា ពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅជាប្រទេសនាំចេញកសិផល ទៅកាន់ទីផ្សារអន្តរជាតិ


ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានទទួលជួបលោកស្រី MIYAHARA Ai ជាអនុប្រធានអង្គការ JICA ប្រចាំនៅកម្ពុជា និងសហការី ដើម្បីសម្តែងការគួរសម និងរាយការណ៍។ ជំនួបនេះ ធ្វើឡើងនាទីស្ដីការក្រសួងកសិកម្ម។

ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួង ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន តាមរយៈលោកស្រី បានថ្លែងអំណរគុណ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈអង្គការ JICA ដែលបានជួយកសាង និងអភិវឌ្ឍកម្ពុជា រហូតមកទល់បច្ចុប្បន្ន ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលជួយដល់ការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។

ជាពិសេសនោះ គឺវិស័យកសិកម្មផងដែរ មានជាអាទិ៍៖ ការជួយរៀបចំប្រព័ន្ធព័ត៌មាន និងយុទ្ធសាស្រ្តទីផ្សារ ការបង្កើនការងារផ្សព្វផ្សាយបច្ចេកទេស ដល់អ្នកផលិត ឬសហគមន៍ បច្ចេកទេសក្រោយពេលប្រមូលផល ការគ្រប់គ្រងគុណភាពលើប្រព័ន្ធខ្សែច្រវាក់តម្លៃបន្ថែម ប្រព័ន្ធទីផ្សារបោះ ឬលក់ដុំ។

លើសពីនោះទៀត ជាពិសេស សមត្ថភាពមន្ទីរពិសោធន៍ មន្ទីរពិសោធន៍គុណភាព និងសុវត្ថិភាពបន្លែ ហើយថ្មីៗនេះ ជួយសហការជាមួយក្រុមហ៊ុន Yamato Green ចុះ MoU ជាមួយក្រសួង ដើម្បីជួយជំរុញផលិតកម្មបន្លែសុវត្ថិភាពនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន បានបញ្ជាក់ថា ទាំងអស់នេះ វាបាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង កែប្រែកម្រិតជីវភាព បង្កើនបរិមាណផលិត ក្នុងនោះមានវារីវប្បកម្ម សាកវប្បកម្ម ការចិញ្ចឹមសត្វ និងដំណាំស្រូវ។

លើសពីនេះ វិស័យកសិកម្មកំពុងតែពង្រីកសក្តានុពលផលិត តាមរយៈការធ្វើទំនើបកម្មកសិកម្ម ដោយបច្ចូលនូវបច្ចេកវិទ្យាសមស្រប ធននឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេច ឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០ និង ២០៥០ និងជាពិសេសឈានជាជំហានៗ ឆ្ពោះទៅជា ប្រទេសនាំចេញកសិផល ទៅកាន់ទីផ្សារអន្តរជាតិ។

នាឱកាសនេះ ក្នុងនាមឲ្យអង្គការ JICA លោកស្រីបានថ្លែងអំណរគុណចំពោះពេលវេលារបស់ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ដែលបានអនុញ្ញាតឲ្យក្រុមការងារចូលជួប និងរាយការណ៍ជួនជ្រាបដោយ សង្ខេបអំពីលទ្ធផលបឋមនៃការអនុវត្តគម្រោងចំនួន៣៖

គម្រោងទី១៖ ស្តីពី «ការផលិតពូជស្រូវ» ដែលសហការអនុវត្ត ដោយអគ្គនាយកដ្ឋានកសិកម្ម
គម្រោងទី២៖ «ការប្រើប្រាស់ និងការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត»
គម្រោងទី៣៖ «ការការពារ និងអភិរក្សបរិស្ថាន» ដែលសហការអនុវត្តជាមួយក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ។

លោកស្រី បានជម្រាបជូនថា គម្រោងទាំង៣ នឹងចាប់ដំណើរការនៅតុលា ខាងមុខនេះ ហើយមានក្តីសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវការគាំទ្រ លើការអនុវត្តគម្រោងទាំង៣ ព្រោះនឹងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ក្នុងពេលអនាគតយ៉ាងខ្លី ជាពិសេសចូលរួមអនុវត្តគោលនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា នេះគឺជាគម្រោងដែលក្រសួងចង់បាន ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាពនៃផលិតផលកសិកម្ម បង្កើនផលិតកម្ម និងធានាគុណភាពពូជសុទ្ធ និងរក្សា ការពារព្រៃឈើ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានណែនាំឲ្យក្រុមការងារ នៃអគ្គនាយកដ្ឋានកសិកម្ម រដ្ឋបាលព្រៃឈើ និងអង្គភាពពាក់ព័ន្ធ ត្រូវសហការគ្នាអនុវត្តគម្រោងខាងលើ ឲ្យសម្រេចទទួលបានលទ្ធផលល្អ ដូចការរំពឹងទុក៕