ក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលបណ្តាលឱ្យមនុស្ស៨នាក់ស្លាប់ និងរងរបួស ៣នាក់នោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែង ជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ ព្រមទាំងបានចាត់មន្ត្រីទៅចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនសម្រាប់រៀបចំពិធីបុណ្យសព ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពរបស់ក្រុមគ្រួសារសពផងដែរ។
ជាក់ស្តែង នៅល្ងាចថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានទៅចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងចូលបុណ្យសពជនរងគ្រោះចំនួន៧នាក់ (ក្នុងនោះមានគ្រួសារមួយបានស្លាប់សមាជិក ៤នាក់ គឺប្តីប្រពន្ធ និងកូន២នាក់) ព្រមទាំងចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់អ្នករងរបួស ៣នាក់ទៀត ដែលទើបបានធូរស្បើយចេញពីមន្ទីរពេទ្យ។ ជនរងគ្រោះខាងលើនេះ រស់នៅក្នុងស្រុករុក្ខគិរី និងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ដោយឡែកនៅព្រឹកថ្ងៃអង្គារទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារដែលដឹកនាំដោយលោកស្រី ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានទៅចូលរួមរំលែកទុក្ខ និងចូលបុណ្យ៧ថ្ងៃជនរងគ្រោះ១នាក់ ដែលភរិយាបានដឹកសពយកទៅបូជានៅស្រុកកំណើត ស្ថិតនៅភូមិងេកងក់ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ក្នុងឱកាសនោះ គណៈប្រតិភូ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្តីសោកស្តាយយ៉ាងក្រៃលែង ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ធម្មជាតិ ដែលបណ្តាលឱ្យមានសោកនាដកម្មដ៏ធ្ងន់ធ្ងរនេះ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសូមជូនពរដល់អ្នករងរបួសឆាប់បានជាសះស្បើយ ដើម្បីបានប្រកបជីវភាពរស់នៅប្រចាំថ្ងៃជាប្រក្រតីឡើងវិញ។
សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានចូលរួមបុណ្យសពទាំង៨រូប ដោយសពនីមួយៗ ទទួលបានគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន៥លានរៀល។
ទន្ទឹមនឹងនេះកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់អ្នករងរបួសចំនួន៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២លានរៀល និងឃីតអ្នករបួស១ឃីត។
គួររំលឹកថា ឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ ដែលបានផ្ដាច់យកជីវិតជនរងគ្រោះ៨នាក់ និង៣នាក់ទៀតរងរបួសខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦៖១៥នាទីល្ងាច ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ខណៈជនរងគ្រោះ រួមទាំងញាតិមិត្តមួយចំនួនទៀត កំពុងជួបជុំទទួលទានអាហារពេលល្ងាចក្នុងឱកាសថ្ងៃភ្ជុំបិណ្ឌ៕