រដ្ឋលេខាធិការក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំពិភាក្សាការចុះប្រមូលទិន្នន័យ ការធ្វើអត្តសញ្ញាណកម្ម ការប្រើប្រាស់ដីធ្លីជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ នៅស្រុកសំឡូត


នៅថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ  រដ្ឋបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីពង្រឹងប្រសិទ្ធភាព សហប្រតិបត្តិការ នៃការចុះប្រមូលទិន្នន័យ ការធ្វើអត្តសញ្ញាណកម្ម ការប្រើប្រាស់ដីធ្លី និងការ កាន់កាប់អាស្រ័យផលជាក់ស្តែងក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត បាន របាយការណ៍អំពីសកម្មភាព និងលទ្ធផលរបស់ក្រុមការងារ ដែលបានអនុវត្តន៍បាន កន្លងមកក្នុងការចុះផ្សព្វផ្សាយ និងការចុះស្រាវជ្រាវកំណត់អត្តសញ្ញាណមនុស្ស នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស ដែលស្ថិតនៅក្នុងភូមិ សាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង។ លោក សឿម ប៊ុនរិទ្ធិ ក៏បានលើកអំពី បញ្ហាប្រឈមមួយចំនួនរបស់ក្រុមការងារ ដែល បានជួបប្រទះក្នុងអំឡុងពេលបំពេញការងារ ជាមួយបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ផ្សេងទៀតផងដែរ។

នៅកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពី គណៈប្រតិភូក្រសួងបរិស្ថាន លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកនាយកខណ្ឌរដ្ឋបាលព្រៃឈើ លោកតំណាងស្នងការដ្ឋាននគរបាលខេត្ត លោកតំណាងកងរាជអាវុធហត្ថខេត្ត និងពាក់ព័ន្ធសំខាន់មួយចំនួនទៀត៕