សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ថវិកា ៣ម៉ឺនដុល្លារដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបង្អែកខេត្ត


នារសៀលថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ព្រមទាំងបាននាំយកនូវថវិកាមួយចំនួនជូនដល់មន្ទីរពេទ្យទាំងពីរនេះផងដែរ ដើម្បីចូលរួមចំណែកគាំទ្រដល់មន្ទីរពេទ្យក្នុងការព្យាបាលកុមារកម្ពុជា និងតម្រូវការចាំបាច់របស់មន្ទីរពេទ្យ ហើយក៏ជាការគាំទ្រសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាព ស្ដ្រី និងកុមារ។

នាឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ហើយលោកជំទាវបានបញ្ជាក់ថាការដឹកនាំប្រតិភូនាំយកមូលនិធិសប្បុរសធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលទួទលបានពីការជិះកងសប្បុរធម៌ ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាពេលនេះ គឺដើម្បីរួមចំណែកជួយទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារបេះដូងមនុស្សធម៌មួយនេះ។ លោកជំទាវ ក៏បានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ ទាំងពីរខាងលើ ដែលបានលះបង់អស់កម្លាំងកាយចិិត្ត យកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលជំងឺកុមារកម្ពុជា និងប្រជាពលរដ្ឋយើង ដោយមិនប្រកាន់វណ្ណៈពូជសាសន៍អ្វីឡើយ។

លោកជំទាវ ក៏បានបញ្ជាក់ពីការយកចិត្តទុក្ខដាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ជាពិសេស បងប្អូនប្រជាពលរដ្ឋមានកូនតូចក្រីក្រ មានជំងឺច្រើន ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាងនៅទៅទៀតមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នេះ ជាមន្ទីរពេទ្យដែលព្យាបាលជំងឺកុមារ និងប្រជាពលរដ្ឋយើងដោយយកចិត្តទុកដាក់បំផុត ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់។ ចំពោះមន្ទីរពេទ្យកុមារអង្គរ គឺព្យាបាល ដោយមិនយកថវិកាទេ តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ។ ហើយដើម្បីចូលរួមចំណែកការងារមនុស្សធម៌ជួយសង្គ្រោះជីវិតកុមារ និងប្រជាជនកម្ពុជា ទើបសាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប នាំយកនូវថវិកាមួយចំនួនឧបត្ថដល់មន្ទីរពេទ្យទាំងពីរនេះ ទោះបីជាថវិកាដែលបាននាំមកជូននាពេលចំនួនមានកម្រិតក្តី តែយើងសង្ឃឹមថា វាពិតជាបានចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីទ្រទ្រង់សកម្មភាពជួយសង្គ្រោះកុមារ និងប្រជាពលរដ្ឋកម្ពុជាដែលមកសម្រាកព្យាលបាលនៅមន្ទីរពេទ្យនេះ ។

សូមបញ្ជាក់ថា នេះជាលើកទី៥ហើយដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឧបឧត្ថមថវិកាដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

ថវិកាដែលបានផ្ដល់ជូនមន្ទីរពេទ្យទាំងពីរមាន៖
– មន្ទីរពេទ្យកុមារអង្គរ ថវិកាចំនួន ២០,០០០(ពីរម៉ឺន)ដុល្លារអាមេរិក។
– មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ថវិកាចំនួន ១០,០០០(មួយម៉ឺន)ដុល្លារអាមេរិក។