រដ្ឋមន្ដ្រី វេង សាខុន៖ ការផ្លាស់ប្តូរតួនាទី និងភារកិច្ច គឺជាលក្ខខណ្ឌដ៏ចាំបាច់ក្នុងក្របខណ្ឌមន្រ្តីរាជការ


ក្នុងពិធីប្រកាសចូលកាន់តំណែង របស់មន្ត្រីរាជការ នៅទីស្ដីការក្រសួងកសិកម្ម នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការផ្លាស់ប្តូរតួនាទី និងភារកិច្ច គឺជាលក្ខខណ្ឌដ៏ចាំបាច់ ក្នុងក្របខណ្ឌមន្រ្តីរាជការ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការដឹកនាំ និងការគ្រប់គ្រងការងារក្នុងស្ថាប័នមួយ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក-លោកស្រី អ្នកនាងកញ្ញាជាមន្រ្តីរាជការ ក្រោមឱវាទក្រសួងយ៉ាងច្រើនកុះករ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក្នុងនាមក្រសួង និងក្នុងនាមខ្លួន ឯកឧត្តមផ្ទាល់ ឯកឧត្តមបានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានគិតគូ យកចិត្តទុកដាក់ និងឯកភាពតាមសំណើរបស់ក្រសួង ដើម្បីតែងតាំងថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការមួយចំនួនទៀត ក្នុងបំណងចូលរួម អភិវឌ្ឍវិស័យកសិកម្ម តាមរយៈការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពដឹកនាំ និងគ្រប់គ្រងការងារនៅតាមអង្គភាពជំនាញនីមួយៗ ឲ្យកាន់តែល្អប្រសើរឡើង។

ឆ្លៀតយកឱកាស នៃការជួបជុំមហាគ្រួសារកសិកម្មនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានធ្វើការសាកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយអង្គពិធីអំពី បច្ចុប្បន្នភាព នៃស្ថានភាពសេដ្ឋកិច្ច និងជាពិសេសស្ថានភាពជារួម នៃសកម្មភាពបង្កបង្កើនផល នៅទូទាំងប្រទេស និងលទ្ធផលនៃការអនុវត្តអនុសាសន៍របស់ សម្តេចតេជោស្តីពី «ការជំរុញឲ្យប្រជាពលរដ្ឋឲ្យខិតខំបង្កើន និងពង្រឹងភាពម្ចាស់ការក្នុងការផលិត ធានាសន្តិសុខស្បៀង តាមរយៈការចិញ្ចឹមត្រី-កង្កែប ជាលក្ខណគ្រួសារ ក្នុងក្របខណ្ឌបច្ចេកទេសសមស្រប សាម័ញ្ញ ដោយប្រើប្រាស់រយៈពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន រក្សាបាននូវស្ថានភាព ជីវភាពប្រក្រតី តាមគន្លងថ្មីក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩»។

ឆ្លងចូលកម្មវិធីតែងតាំង ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ជូនអង្គពិធីជ្រាបច្បាស់ថា ការកសាងស្ថាប័ន រដ្ឋឲ្យមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ទាមទារចាំបាច់ត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅលើធនធានមនុស្ស សំដៅលើកកម្ពស់សមត្ថភាព ការពង្រឹងភាពស្អាតស្អំ ក្នុងរដ្ឋបាលសាធារណៈ ពង្រឹងប្រសិទ្ធភាព នៃការអនុវត្តការងារ និងពង្រឹងអភិបាលកិច្ច ហើយការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព គុណធម៌ និងសីលធម៌ គឺជាគន្លឹះ សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ឈានទៅធ្វើការប្រកួតប្រជែងជាលក្ខណអន្តរជាតិ ពិសេសក្នុងពេលដែលកម្ពុជា ឈានឆ្ពោះទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដើម្បីសម្រេចគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម (២០១៩- ២០២៣) និងជាពិសេសដើរទៅដល់គោលដៅ និងសម្រេចឲ្យបាននូវមហិច្ឆិតារបស់រាជរដ្ឋាភិបាល លោករដ្ឋមន្ត្រី វេង សាខុន បានលើកយកចំណុចសំខាន់ៗ មកជម្រាបជូនអង្គពិធីទាំងមូល និងដោយឡែកមន្រ្តីដែលទើបតែងតាំងថ្មី យកទៅធ្វើជាគន្លឹះក្នុងការដឹកនាំ ការគ្រប់គ្រង បម្រើការ និងដោះស្រាយបញ្ហាដែលអាចកើតមានឡើងទាំងនៅមូលដ្ឋាន និងនៅអង្គភាពរបស់ខ្លួនផ្ទាល់ ដែលចំណុចទាំងនោះ មានខ្លឹមសារសង្ខេប ដូចខាងក្រោម៖

ទី១៖ មន្រ្តីកសិកម្មត្រូវចុះមូលដ្ឋាន ដើម្បីអនុវត្តអនុសាសន៍របស់សម្តេចតេជោ បម្រើ និងដោះស្រាយបញ្ហាប្រជាកសិករ ឲ្យបានទូលំទូលាយទាន់ពេលវេលា និងមានប្រសិទ្ធភាព គ្រប់កាលៈទេសៈ និងហេតុការណ៍ដែលកើតឡើងជាយថាហេតុ ក្នុងវិបត្តិនៃកូវីដ-១៩នេះ។

ទី២៖ បន្តផ្ទេរបច្ចេកទេសទំនើប ផ្សព្វផ្សាយពូជសត្វ ត្រី និងដំណាំសមស្រប តាមការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និរន្តរភាព និងការប្រកួតប្រជែង ដើម្បីលើកកម្ពស់ សមត្ថភាពផលិត ធានាបានបរិមាណ គុណភាព និងសុវត្ថិភាព។ ត្រូវបង្កើតឲ្យមានយន្តការផ្តល់ព័ត៌មានទីផ្សារកសិកម្ម ពង្រឹងការងារស្រាជ្រាវ អភិវឌ្ឍបច្ចេកវិទ្យា ផែនការដាំដុះ ប្រមូលផល និងកែច្នៃជា មួយនឹងការបន្តពង្រឹងការកសាងសមត្ថភាពផ្នែកអនាម័យ និងភូតគាមអនាម័យ។

ទី៣៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងអង្គភាពក្រោមឱវាទដទៃទៀត ត្រូវមានបណ្តាញទទួលនូវព័ត៌មាន និងសំណូមពររបស់សហគមន៍ សង្គមស៊ីវិល និងដៃគូទាំងអស់ ដើម្បីយកមកពិនិត្យ និងដោះស្រាយឲ្យបានទាន់ពេល។

ទី៤៖ អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ អគ្គនាយកដ្ឋានកៅស៊ូ រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល ត្រូវសហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ដើម្បីពង្រឹងសមត្ថភាពអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសផែនការយុទ្ធសាស្រ្ត គោលនយោបាយ និងអនុសាសន៍ទាំង១១ចំណុចរបស់ក្រសួងឲ្យមានប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅសម្រេចបានកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល។

ទី៥៖ ពិនិត្យឡើងវិញការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមាន៖ ប្រព័ន្ធស្រោចស្រប ផ្លូវ អគ្គិសនី អគាររដ្ឋបាល អគារស្នាក់នៅ អគារបណ្តុះបណ្តាល ឃ្លាំងស្តុកគ្រាប់ពូជ ជាពិសេសធនធានមនុស្ស -ល- នៅតាមកសិដ្ឋាន ស្ថានីយពិសោធន៍ មជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្ម សាកលវិទ្យាល័យ និងវិទ្យាស្ថានកសិកម្ម ទាំងអស់ ដើម្បីលើកកម្ពស់ ឬប្រែក្លាយកន្លែងទាំងអស់នោះ ទៅជាមជ្ឈមណ្ឌលឧត្តមភាពលើការងារស្រាវជ្រាវ បង្កាត់ រក្សា និងអភិរក្សាពូជដំណាំ ពូជ សត្វ ពូជត្រី ផលិតចំណី ស្រាវជ្រាវជំងឺ និងសត្វល្អិតចង្រៃ ដើម្បីធ្វើការផ្សព្វផ្សាយជូនប្រជាកសិករឲ្យយល់ដឹងបន្ថែម យកទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងសមស្រប។

ទី៦៖ ពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ត្រូវអនុវត្តក្រមសីលធម៌មន្ត្រីរាជការ ការគ្រប់គ្រងដឹកនាំក្នុងការបំពេញភារកិច្ច ដូចមានចែងក្នុងជំពូកទី៥ មាត្រា៣៣ ដល់មាត្រា៣៨ ក្នុងច្បាប់ស្តីពីសហលន្តិកៈមន្ត្រីរាជការស៊ីវិល អនុវត្តគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ»។ យកចិត្តទុកដាក់ និងពុះពារជម្នះ នូវឧបសគ្គ អំណត់អត់ធន់ ទន់ភ្លន់តែម៉ឹងម៉ាត់ និងរៀនសូត្រដកស្រង់បទពិសោធន៍ពីការងារ ជាពិសេសត្រូវខិតខំហាត់ពត់លត់ដំខ្លួនបន្ថែមទៀត ដើម្បីឲ្យក្លាយខ្លួន ទៅជាអ្នកដឹកនាំដែលមានគំរូល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ។

ទី៧៖ ត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញ លើរាល់កម្មវត្ថុនៃគម្រោងនានា ធ្វើយ៉ាងណាឲ្យសមស្របតាមស្ថានភាព និងសេចក្តីត្រូវការជាក់ស្តែង និងបន្ទាន់របស់ប្រជាកសិករ នៅមូលដ្ឋានក្នុងកាលៈទេសៈ នៃវិបត្តិជំងឺឆ្លងកូវីដ-១៩។ ពិនិត្យឡើងវិញនូវគោលការណ៍នាំចូលនាំចេញ និងនាំឆ្លងកាត់សត្វ ផលិតផលសត្វ ត្រីនិងធាតុចូលកសិកម្ម គ្រប់ប្រភេទ ធ្វើយ៉ាងណាចៀសវាងផលប៉ះពាល់ឬដាក់បន្ទុកបន្ថែមលើផលិតកម្មក្នុងស្រុក៕