ឯកឧត្តម សុខ លូ ស្នើលោកស្រីនាយិកាថ្មីនៃកម្មវិធីស្បៀងអាហារពិភពលោក បន្តជួយផ្តល់អាហារូបត្ថម្ភនៅតាមសាលាក្នុងខេត្តកំពង់ធំឲ្យបានច្រើនកន្លែង


(កំពង់ធំ) ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាមន្ត្រីទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត បានស្នើឱ្យលោកស្រីនាយិកាថ្មីនៃកម្មវិធីស្បៀងអាហារ ពិភពលោក បន្តជួយផ្តល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅតាមសាលារៀននៅក្នុងខេត្តកំពង់ធំឲ្យបានច្រើនកន្លែង ដោយសារប្រជាពលរដ្ឋមួយចំនួននៅមានជីវភាព ខ្វះខាត។

ឯកឧត្តម សុខ លូ បានស្នើដូចនេះនារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកបានទទួលការចូលជួបសម្តែងការគួរសមរបស់លោកស្រី Claire Conan នាយិការថ្មីនៃកម្មវិធីស្បៀងអាហារពិភពលោក World Food Programme (WFP) ប្រចាំកម្ពុជា នៅប្រជុំសាលាខេត្តកំពង់ធំ។

លោកស្រី Claire Conan បានថ្លែងអំណរអរគុណដល់អភិបាលខេត្តកំពង់ធំ ដែលបានផ្ដល់កិត្តិយសឲ្យលោកស្រីចូលជួបសំដែងការគួរសម លោកស្រីថា កម្មវិធីស្បៀង អាហារពិភពលោក បានជួយគាំទ្រអាហាររូបត្ថម្ភជាច្រើននៅតាមសាលារៀនជាង ២០០សាលានៅក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មានខេត្តកំពង់ធំផងដែរ។

លោកស្រីនាយិការបានសង្កត់ធ្ងន់ថា កម្មវិធីស្បៀងអាហារពិភពលោកក៏បានត្រៀមសន្តិសុខស្បៀង និងអាហារូបត្ថម្ភមួយចំនួន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ គ្រោះមហន្តរាយ និងគ្រោងសាងសង់ទីទួលមានសុវត្ថិភាពចំនួន ២កន្លែងបន្ថែមទៀតនៅក្នុងខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ ក៏បានថ្លែងអំណរគុណក្នុងនាមថ្នាក់ដឹកនាំខេត្តកំពង់ធំ ចំពោះអង្គការកម្មវិធីស្បៀងអាហារពិភពលោកដែលបានចូលមកជួយកម្ពុជា ជាពិសេសនៅលើទឹកដី ខេត្តកំពង់ធំ ស្របពេលដែលប្រទេសកម្ពុជា កំពុងតែជួបការលំបាកខ្លាំងខាងផ្នែកស្បៀងអាហារផងដែរ។ លើសពីនេះទៀត រដ្ឋបាលខេត្តកំពង់ធំក៏បានត្រៀមលក្ខណៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយរករាជរដ្ឋាភិបាលកម្ពុជាផងដែរ៕