ទេសាភិបាលរងធនាគារជាតិកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ប្រជុំពិភាក្សាគ្នាពីការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយកូវីដ១៩


(ភ្នំពេញ)៖ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំតាមរយៈ Video Conference ជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ដែលមានសមាសភាពគណៈប្រតិភូរួមមាន លោក Alexander C. Feldman ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងលោក Marc Mealy អនុប្រធានជាន់ខ្ពស់គោលនយោបាយ ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុនអាមេរិកធំៗ ដែលធ្វើធុរកិច្ចនៅកម្ពុជា។

កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាអំពីការគាំទ្ររបស់វិស័យឯកជនអាមេរិក ចំពោះការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយភាពធូរស្បើយនៃជំងឺកូវីដ១៩ និងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ព្រមទាំងការពង្រឹងការប្រើប្រាស់ប្រព័ន្ធទូទាត់ ដោយមិនប្រើសាច់ប្រាក់នៅទូទាំងប្រទេស។

ក្រុមហ៊ុនអាមេរិកដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញវត្ថុ ជាពិសេសទៅលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗក្នុងប្រព័ន្ធទូទាត់ ការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់សាធារណជន និងការចូលរួមគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ប្រព័ន្ធបាគង របស់ធនាគារជាតិនៃកម្ពុជា។

លោកជំទាវទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណ ចំពោះការចូលរួមក្នុងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅកម្ពុជា ស្របទៅតាមការរីកចម្រើនយ៉ាងឆាប់រហ័ស នៃប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបានគាំទ្រ ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យពាក់ព័ន្ធនេះបន្ថែមទៀត៕