ក្រសួងអប់រំ ប្ដេជ្ញាបន្ដពង្រឹងកំណែទម្រង់ ៧ចំណុច ដើម្បីលើកកម្ពស់វិស័យកីឡាជាតិ


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា នឹងបន្ដពង្រឹងលើកំណែទម្រង់ និងយន្ដការដែលមានស្រាប់ចំនួន ៧ចំណុច ដើម្បីលើកកម្ពស់វិស័យកីឡា និងកិត្យានុភាពកម្ពុជាលើឆាកជាតិ និងអន្ដរជាតិ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់គ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡាកាលពីថ្មីៗ ឯកឧត្តមរដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា កំណែទ្រង់ដែលក្រសួងមានទិសដៅបន្ដពង្រឹងបន្ថែម គឺដើម្បីធានាបាននូវការអភិវឌ្ឍទាំងធនធានមនុស្ស និងហេដ្ឋានរចនាសម្ព័ន្ធជាដើម។

ឯកឧត្តមរដ្ឋមន្ដ្រីបាថ្លែងថា កំណែទម្រង់វិស័យកីឡា និងយន្ដការមានស្រាប់ដែលក្រសួងនឹងត្រូវពង្រឹងនោះរួមមាន៖

ទី១-ការពង្រឹងសហព័ន្ធកីឡា ការបណ្ដុះបណ្ដាលកីឡាករ គ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រម និងពង្រឹងការគ្រប់គ្រងសហព័ន្ធ។
ទី២-រៀបចំទីលានកីឡាតាមស្ដង់ដារក្នុងគ្រឹះស្ថានសិក្សា ដោយចាប់ផ្ដើមពី ១វិទ្យាល័យក្នុង ១រាជធានី-ខេត្ត។
ទី៣-ពង្រឹង និងពង្រីកសកម្មភាពអប់រំកាយក្នុងម៉ោងសិក្សា និងការងារកីឡា ក្រៅម៉ោងសិក្សា។
ទី៤-រៀបចំកម្មវិធីបណ្ដុះបណ្ដាលគ្រូអប់រំកាយ និងកីឡាឲ្យដល់កម្រិតបញ្ញារិបត្រ។
ទី៥-ជំរុញមហាជនឲ្យហាត់ប្រាណជាប្រចាំ និងផ្សាភ្ជាប់សកម្មភាពអប់រំកាយ និងកីឡា ទៅនឹងកិច្ចការសង្គម វប្បធម៌ និងលុបបំបាត់បាតុភាពរំលោភបំពាន និងអំពើហិង្សាគ្រប់ប្រភេទ និងចាកផុតពីការប្រើប្រាស់គ្រឿងញៀន។
ទី៦-អភិវឌ្ឍន៍សមត្ថភាពគ្រូបង្វឹក អនុរក្ស និងកីឡាករ-កីឡាការិនីជម្រើសជាតិថ្នាល។
ទី៧-រៀបចំព្រឹត្តិការណ៍កីឡាជាតិរៀងរាល់ ២ឆ្នាំម្ដង សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។

ម្យ៉ាងការពង្រឹងលើកំណែទម្រង់ខាងលើ គឺដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ពិសេសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានចាត់ទុកការងារអប់រំកាយ និងកីឡា បានដើរតួយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គមផងដែរ ពីព្រោះ «កីឡាកសាងមនុស្ស មនុស្សកសាងសង្គម»។ ឯកឧត្តមរដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បន្ថែម៕