ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អង់គ្លេស ស្ដីពីជំងឺកូវីដ១៩ នៅថ្ងៃទី៣០ ខែកញ្ញា តាមប្រព័ន្ធវីដេអូ


ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយចក្រភពអង់គ្លេស ស្ដីពីជំងឺកូវីដ១៩ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។

សេចក្តីប្រកាសព័ត៌មាននេះ បានឲ្យដឹងទៀតថា រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអង់គ្លេស នឹងផ្លាស់ប្តូរយោបល់គ្នាអំពីបទពិសោធន៍ និងឧត្តម្មានុវត្តន៍ ក្នុងការឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ១៩ ក៏ដូចជា ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិជំងឺនេះ។ ក្នុងឱកាសនេះផងដែរ រដ្ឋមន្រ្តីការបរទេសទាំងអស់ ក៏នឹងពិភាក្សាអំពីវិធីសាស្រ្តនានាដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានផលប្រយោជន៍រួមគ្នារវាងអង់គ្លេស និងប្រទេសសមាជិកអាស៊ាន។ បញ្ហាតំបន់ និងសកល ដែលជាកង្វល់រួម ក៏ជារបៀបវារៈនៃកិច្ចពិភាក្សាគ្នាផងដែរ។

ក្រសួងការបរទេស បានបញ្ជាក់ទៀតថា កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ នឹងក្លាយជាជំហានមួយឆ្ពោះទៅរកការរៀបចំទិសដៅអនាគត សម្រាប់ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន-អង់គ្លេស ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលនៃជំងឺឆ្លងកូវីដ១៩ ដែលពុំធ្លាប់មានពីមុន និងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប៕