អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលជាមួយយោធិន ដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ចំនួន ១៥នាក់


តាកែវ៖ នៅព្រឹកថ្ងៃអង្គារទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយ យោធិន ដែលត្រូវដាក់ឲ្យចូលនិវត្តន៍ចំនួន ១៥នាក់។ ដែលពិធីជូបសំណេះសំណាលនេះ បានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួម លោក មូល វិចិត្រ អភិបាលរងខេត្ត លោក ឈួ សុធា អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងតាកែវ លោក លោកស្រី មេបញ្ជការរង លោក លោកស្រី នាយករងរដ្ឋបាល ប្រធានការិយាល័យ ចំណុះរដ្ឋបាលខេត្តជាច្រើនរូបផងដែរ។
មានមតិសំណេះសំណាលជាមួយយោធិន នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មិនអាចបំភ្លេចបានឡើយចំពោះយោធិនដែលចូលសោធននិវត្តន៏។ ព្រោះបងប្អូនយោធិនពិតជាបានចូលរួមចំណែកធ្វើពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ក្នុងពេលកន្លងមក ហើយក៏ជាគំរូវីរភាពមួយសម្រាប់ប្រជាជនកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា យោធិនគ្រប់រូបក្នុងកងយោធពលខេមរភូមិន្ទ បានចងចាំទុកដោយមិនអាចបំភ្លេចបាន និង បន្តរៀនសូត្រ ពីគំរូវីរភាពនេះ ទុកជាបទពិសោធន៍សំរាប់ធានាប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលតែងតែយកចិត្តទុក្ខដាក់ គិតគូរចំពោះយោធិនយើងគ្រប់ពេលវេលាតាមរយះការកយកចិត្តទុកដាក់ ដោះស្រាយជីវភាពរស់នៅដល់ បង ប្អូន ទាំងស្មារតី សម្ភារៈ និង ថវិកា ក្នុងនោះរួមទាំងការតម្លើងប្រាក់បៀវត្ស និងការផ្តល់អត្ថប្រយោជន៏ផ្សេងៗទៀត ជាបន្តបន្ទាប់។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានសំណូមពរដល់ អ៊ំ ពូ មីង ដែលត្រូវចូលនិវត្តន៍ទាំងអស់ ពេលទៅដល់មូលដ្ឋានវិញ ត្រូវចូលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបានទទួលការមើលថែទាំពីសមាគមអតីតយុទ្ធជនកម្ពុជា នៅតាមមូលដ្ឋានខេត្ត-ក្រុង ដែលបងប្អូនបានទៅរស់នៅ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអនុត្តន៍គោលនយោបាយជាតិសំខាន់ៗ ចំពោះយោធិនពលី ពិការ មរណៈ បាត់បង់សមត្ថភាព យោធិនចូលនិវត្តន៍ អតីតយុទ្ធជន និងគ្រួសារ ដោយគោរពដឹងគុណដ៏ថ្លៃថ្លារបស់ពួកគាត់ជានិច្ច។
បន្ទាប់ពីបញ្ចប់ពិធីជួបសំណេះសំណាលឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានឧបត្ថម្ភដល់និវត្តន៍ជន ១៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន អង្ករ ២៥គីឡូ មី១កេះ ទឹកក្រូច ១កេះ និងថវិកា ២០ម៉ឺនរៀល។ បន្ថែមពីនេះដែរ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងតាកែវ ក៏បានចូលរួមឧបត្ថម្ភក្នុងនិវត្តន៍ជនម្នាក់ៗ ១០ម៉ឹនរៀលផងដែរ៕