ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារតាមទូរស័ព្ទ និង Video Conference ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ Yuasa Goro មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក Cirilito E. Sobejana មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន


នាថ្ងៃអង្គារ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកជួបពិភាក្សាការងារតាមទូរស័ព្ទ និង Video Conference ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ Yuasa Goro មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក Cirilito E. Sobejana មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន។
នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទនេះ ភាគីទាំងពីរក៏បានចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកលើការចូលរួមរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុននៅក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមដ៏ធ្ងន់ធ្ងរមួយ និងដែលកំពុងនៅបន្តរាតត្បាតពិភពលោកនៅឡើយ។ ក្នុងនោះ នាយឧត្តមសេនីយ៍ YUASA Goro បានសម្តែងនូវការគោរពកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ និងត្រឹមត្រូវ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងវិធានការទាំងឡាយដែលកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទបានអនុវត្តនៅក្នុងការងារនេះ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្តាប្រទេសជាមិត្ត ជាអាទិ៍ កម្ពុជា-ជប៉ុន ជាពិសេសទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ ដែលជាគន្លឹះមួយដ៏មានប្រសិទ្ធភាពដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលកើតមាន ដោយបានសង្កត់ធ្ងន់ថា បញ្ហាកូវីដ-១៩ ជាបទពិសោធន៍ថ្មីមួយសម្រាប់ទាំងអស់គ្នា ទាំងការសហការដោះស្រាយផ្ទៃក្នុងប្រទេសនីមួយៗ ក៏ដូចជាការសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកជាមួយបណ្តាប្រទេសជាដៃគូនៅក្នុងឆ្លើយតបនឹងជំងឺដ៏កាចសាហាវនេះ។ ហើយឆ្លងតាមការប្រឈមនៃការដោះស្រាយរួមគ្នាលើបញ្ហាកូវីដ-១៩នេះ ទាំងអស់គ្នានឹងអាចស្វែងរកនូវចំណុចខ្លាំង និងចំណុចប្រឈមនានា ដើម្បីឈានទៅពង្រឹងនូវយន្តការនៃការសហប្រតិបត្តិការជាមួយគ្នាឱ្យបានកាន់តែប្រសើរឡើង។
នាយឧត្តមសេនីយ៍ YUASA Goro បានសម្តែងនូវការពេញចិត្ត និងការអរគុណចំពោះការបន្តរក្សានូវទំនាក់ទំនងដ៏ល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ទោះបីក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ-១៩ ដែលស្តែងឡើងតាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទនេះ និងបានបញ្ជាក់ឡើងវិញអំពីការគោរពអញ្ជើញ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ។
ជាចុងក្រោយ ថ្នាក់ដឹកនាំកងទ័ពជើងគោក នៃប្រទេសទាំងពីរ បានឯកភាពគ្នាទៅលើសារៈសំខាន់នៃកិច្ចសហការរវាងប្រទេសទាំងពីរក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសរវាងកងទ័ព និងកងទ័ព ជាអាទិ៍ ការរួមគ្នាបង្កើនសមត្ថភាពឆ្លើយតបនឹងយថាហេតុគ្រោះមហន្តរាយផ្សេងៗ, ការផ្តល់ឱកាសក្នុងការលើកកម្ពស់សមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការបង្កើតឱកាសឱ្យមានការភ្ជាប់ទំនាក់ទំនងមនោសញ្ចេតនារវាងយោធិនគ្រប់លំដាប់ថ្នាក់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាដើម ដែលសុទ្ធសឹងជាមូលដ្ឋាននៅក្នុងការទំនាក់ទំនងយូរអង្វែង ហើយសង្ឃឹមយ៉ាងមុតមាំថា នៅពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរសា្រលឡើងវិញ ឬបញ្ចប់ក្នុងពេលខាងមុខនេះ កងទ័ពជើងគោកទាំងពីរនឹងអាចបន្តជំរុញនូវល្បឿននៃកិច្ចសហប្រតិបត្តិការទាំងនេះឱ្យមានសន្ទុះឡើងវិញ។
សូមជម្រាបថា នាយឧត្តមសេនីយ៍ YUASA Goro ទើបបានដឹកនាំគណៈប្រតិភូកងស្វ័យការពារជើងគោកជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការលើកទី១ នៅកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ៕