ឯកឧត្តម ម៉ាន សុគ្រី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ វេទិកាសាធារណៈជាប់មូលដ្ឋានក្រុងកំពត


កំពត៖ កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាក្រុងកំពត ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានក្រុងកំពត បានដឹកនាំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងកំពត ខេត្តកំពត ដើម្បីបូកសរុបលទ្ធផលការងារវេទិកាសាធារណៈរយៈពេល៩ខែ ឆ្នាំ២០២០ និងលើកទិសដៅបន្ត។

 

តាមរបាយការណ៍របស់លោក លាង រឿនសុធី អភិបាលក្រុងកំពត និងចៅសង្កាត់ទាំង៥ នៃក្រុងកំពតបានឱ្យដឹងថា វឌ្ឍនភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ក្រុងកំពតធ្វើវេទិកាសាធារណៈស្វែងរកតម្រូវការ បញ្ហាប្រឈម និងសំណូមពរ របស់ប្រជាពលរដ្ឋ ក្នុងរយៈពេល៩ខែឆ្នាំ២០២០ នេះបានចំនួន១៩លើកមានសមាជិកក្រុម ការងារចំនួន៤០៥នាក់ និងប្រជាពលរដ្ឋចំនួន១៤៥១នាក់ ប្រមូលបានបញ្ហាសំណូមពរ ៧៧ករណី ក្នុងនោះបានដោះស្រាយចំនួន១៧ករណី កំពុងដោះស្រាយចំនួន៤៦ករណី នឹងមិនទាន់ដោះស្រាយចំនួន១៤ករណី។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារបានបញ្ជាក់ថា គោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើ សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បានទាន់ពេលវេលាប្រកបដោយទទួលការខុសត្រូវខ្ពស់។ ជាការពិតចាប់តាំង ពីក្រុមការងារនេះបានបង្កើត គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានខិតខំអនុវត្តន៍ភារកិច្ចរបស់ខ្លួន ពាក់ព័ន្ធនឹងការអប់រំ ផ្សព្វផ្សាយ និងការដោះស្រាយរាល់បញ្ហាប្រឈមនានា ក្នុងសកម្មភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានបានយ៉ាងល្អប្រសើរ។ ពិសេស ក្នុងស្ថានភាពជួបវិបត្តិជំងឺឆ្លងកូវីដ ១៩ ក្រុមការងាររាជរដ្ឋាភិបាលបានធ្វើសកម្មភាព អប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ គ្រប់គ្រងទិន្នន័យ ពលករត្រឡប់មកក្នុង ប្រទេស និងក្រៅប្រទេស និងចូលរួមបរិច្ចាគ តាមរូបភាពផ្សេងៗ ដើម្បីដោះស្រាយជីវភាព ប្រជាពលរដ្ឋខ្វះខាតនិងបង្ការទប់ស្កាត់មិនមានជំងឺកូវីដ១៩ឆ្លងដល់សហគមន៍ឡើយ។

ឯកឧត្តម ម៉ាន សុគ្រី ក៏បានក្រើនរម្លឹកដល់ក្រុមការងារ ឱ្យបន្តពង្រឹងសកម្មភាព ការងារថ្នាក់ក្រុង ដើម្បីឱ្យមានការទទួលខុសត្រូវច្បាស់លាស់ ខិតខំដោះស្រាយបញ្ហា ដែលប្រជាពលរដ្ឋបានសំណូមពរ បញ្ហាទំនាស់នានា បញ្ចៀសភាពអសកម្ម ដែលអាចបង្កឱ្យមានភាពថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ ដែលនាំឱ្យជះឥទ្ធិពលអវិជ្ជមាន ដល់ការគ្រាំទ្រចំពោះរាជរដ្ឋាភិបាល ជំរុញមន្ត្រីរាជការ ក្រុមការងារឱ្យ ខិតជិតនិងប្រជាពលរដ្ឋដើម្បីស្តាប់ និងទប់ស្កាត់ឱ្យទាន់ពេលវេលាពីសំណាក់ ជនអគតិមួយ ចំនួនដែលតែងតែបំភ្លើសបំភ្លៃព័ត៌មានការពិតដល់ប្រជាពលរដ្ឋ ពង្រឹងការងារនៅមូលដ្ឋានភូមិ សង្កាត់ឱ្យបានរឹងមាំ ពិសេសគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព បន្តចុះរៀបចំវេទិកា សាធារណៈ នៅតាមបណ្ដាសង្កាត់ តាមផែនការដែលបានគ្រោងទុក នឹងបន្តធ្វើការសម្រប សម្រួលទំនាស់រវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ រាល់ដំណោះស្រាយដើម្បីកែលម្អ ចំណុចខ្វះខាត អភិវឌ្ឍនិងជំរុញយន្តការនេះឱ្យកាន់តែមានដំណើរការល្អប្រសើរថែមទៀត៕