ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញបិទសិក្ខាសាលាស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ


រសៀលថ្ងៃពុធទី៣០ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត បានរៀបចំពិធីបិទសិក្ខាសាលាស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារជូនរដ្ឋបាលក្រុង-ស្រុក ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម ភាវ សុវទ្ធី អគ្គលេខាធិការរង នៃអគ្គលេខធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជាតំណាងក្រសួងបរិស្ថាន នៅសាលសន្និសីទទឹកឈូ ខេត្តកំពត។
អញ្ជើញចូលរួមក្នុងពីធីនេះរួមមាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ឯក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកនាយកទីចាត់ការ និងប្រធានអង្គភាពចំណុះសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោក លោកស្រី អភិបាលក្រុងស្រុក សរុបចំនួន ៩០នាក់។
មានប្រសាសន៍ក្នុងពិធីដ៏មានអត្ថន័យនាពេលនេះ ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ថា ៖ សិក្ខាសាលាខាងលើនេះ បានបង្ហាញអំពី អនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងអនុក្រឹត្យលេខ ២៣៥ អនុក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ មានបំណងចម្បងធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ រដ្ឋបាលក្រុង ស្រុក មានតួនាទី ភារកិច្ច និងការទទួលខុសត្រូវពេញលេញក្នុងការដឹកនាំ និងគ្រប់គ្រងកិច្ចការពាក់ព័ន្ធសំរាម សំណល់រឹងទីប្រជុំជន ដោយត្រូវរៀបចំផែនការគ្រប់គ្រង ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំសម្រាប់ការគ្រប់សំរាម សំណល់រឹងទីប្រជុំជន ដាក់ចេញ និងអនុវត្តនូវវិធានការតាមរយៈការដាក់ចេញដីកា និងលិខិតបទដ្ឋាននានា។
ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកន្លងមកបានចូលរួមសហការ និងផ្តល់ព័ត៌មាននានាពាក់ព័ន្ធ និងការអនុវត្តមុខងារនៅមូលដ្ឋានរបស់ខ្លួន ក៏ដូចជាការសម្របសម្រួលដល់ការអនុវត្តមុខងារទាំងនេះឲ្យបានកាន់តែមានប្រសិទ្ធភាព និងបានខិតខំដោះស្រាយបញ្ហាប្រឈមជាបន្ទាន់នានា ទាក់ទិននឹងការគ្រប់គ្រងសំរាម នៅក្នុងដែនសមត្ថកិច្ចនៃរដ្ឋបាលរបស់ខ្លួន៕